បញ្ហាអូរប្រឡាយក្នុងក្រុងព្រះសីហនុ រហូតដល់មានទឹកជំនន់ជន់លិចទើបដឹងថាមានអ្នករំលោភ ??

5


ខេត្តព្រះសីហនុ៖ ស្ពានថ្មមួយកន្លែង ដែលបានកសាង ក្នុងអំឡុងឆ្នាំ ២០១៧ ក្រោមជំនួយរបស់ កញ្ញា ធី សុវណ្ណថា សម្រាប់ឲ្យពលរដ្ឋឆ្លងកាត់ ដែលមានទីតាំងស្ថិតនៅ ភូមិ ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានអ្នកមានលុយចាក់ដីរំលោភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន បង្កឲ្យបាក់ទំនប់នៅក្បែរស្ពាននោះ កាត់ផ្ដាច់ផ្លូវឆ្លងកាត់របស់ពលរដ្ឋទាំងស្រុង។ នៅព្រឹកថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០១៩ ឯឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានចុះទៅពិនិត្យមើលដោយផ្ទាល់ ទាំងមេឃកំពុងតែភ្លៀង។

ក្នុងការចុះពិនិត្យដោយផ្ទាល់ របស់ឯកឧត្តម គួច ចំរើន ក៏មានប្រជាពលរដ្ឋ ជាច្រើនបានមកទទួល ស្វាគមន៍យ៉ាងរាក់ទាក់
និងបានស្នើសុំឯកឧត្តមក្នុងការជួសជុលស្ពានទំនប់នេះឡើងវិញដើម្បីឲ្យពួកគាត់បានឆ្លងកាត់។ ឯកឧត្តមបានថ្លែងថា តាមសំណើរបស់ពលរដ្ឋ ឯកឧត្តមមិនទាន់អាចមានលទ្ធភាពសាងសង់ស្ពានថ្មវែង បាននៅឡើយទេ លោកនឹង ឲ្យមន្ទីរពាក់ព័ន្ធ សាងសង់ត្រឹមស្ពានបាឡេ (ហៅស្ពានដែក) បណ្ដោះអាសន្នសិនចំពោះផ្លូវនេះ ឯកឧត្តមបានថ្លែងថា ផ្លូវលំមួយខ្សែឆ្លងកាត់លើស្ពាននេះ និងជួសជុលជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ១ សង្កាត់លេខ១ ក្រុងព្រះសីហនុនេះ ឲ្យបានស្អាតល្អឡើងវិញ។

ស្របពេល នេះផងដែរ ពលរដ្ឋដែលរស់នៅ ទីនេះមានការត្រេកអរជាខ្លាំង ដោយពួកគាត់សង្ឃឹមថាបាន ស្ពានថ្មីឆ្លងកាត់និងផ្លូវក្រាលបេតុង ដើម្បីស្រួលក្នុងការចេញដំណើរទៅប្រកបអាជីវកម្មរកទទួលទានរបស់ពួកគាត់។ ព្រោះថាកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅម្ខាងអូរ មានការពិបាក ក្នុងការចេញដំណើរ ឬក៏ធ្វើការងាផ្សេងៗ ដោយសារ ផ្លូវនៅចំណុចស្ពាននេះមានការដាច់មិនអាចធ្វើដំណើរឆ្លងកាត់បាន។

គួរបញ្ជាក់ផងដែរថា អូរជាច្រើនកន្លែងនៅក្នុងក្រុងព្រះសីហនុ សុទ្ធសឹងតែត្រូវបានរំលោភបំពានដោយបុគ្គលមានលុយនិងមានអំណាច ដែលមិនគិត ពីផ្លូវច្បាប់ រំលោភច្បាប់ ពិសេសនៅ តាមបណ្ដោយអូរអារេវ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុនេះ ចំណុចជាច្រើនត្រូវបាន គេរំលោភស្ទើរទាំងស្រុង ពលរដ្ឋប្រាប់ថា អាជ្ញាធរសង្កាត់ហាក់ព្រងើយកន្តើយក្នុងបញ្ហានេះ ឬមួយ មានអ្វីមិនប្រក្រតីក្នុងការរំលោភបំពានអូរទាំងអស់នេះទៀតផង។ បើតាមមន្ត្រីសាលាខេត្ត ដែលមិនបានបញ្ចេញឈ្មោះម្នាក់ ប្រាប់ថា អាជ្ញាធរភូមិ សង្កាត់ មានកាតព្វកិច្ចក្នុងការរាយការណ៍ជូនទៅថ្នាក់លើ ដូចជាថ្នាក់ខេត្ត ប៉ុន្តែ ការរំលោភបំពាននេះ រហូតដល់ជិតបានសម្រេចហើយ ឬខ្លះក៏បានសម្រេច បែរជាអាជ្ញាធរសង្កាត់ មិនមិនដឹង និងមិនជូនដំណឹងនោះឡើយ។

គួររលឹកថា កន្លងមកថ្មីៗនេះភ្នាក់ងារព័ត៌មានយើងបាន ទូរស័ព្ទទំនាក់ទំនងទៅ លោក ឈិត សុផាត ចៅសង្កាត់លេខ១ ប៉ុន្តែទូរស័ព្ទរបស់លោក លើកហើយ គ្មានអ្នកនិយាយបន្ទាប់មកភ្នាក់ងារយើងក៏បានទំនាក់ទំនងតាម WhatsApp ប៉ុន្តែលោកមិនបានឆ្លើយតបនោះឡើយ៕

 

Comments

comments