លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញស្វាគមន៍ភ្ញៀវទេសចរបរទេសនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយបានណែនាំមន្ត្រីអោយរៀបចំកែលម្អសោភ័ណភាព បរិស្ថាន អនាម័យ ទុកសំរាប់ទទួលភ្ញៀវទេសចរ

77

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលស្វាគមន៍ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណជិតមួយពាន់នាក់ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះលោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ត្រីកំពង់ផែ ក៏ដូចមន្ទីរទេសចរណ៍អោយរៀបចំកែលម្អសោភ័ណភាព បរិស្ថាន អនាម័យ ដាក់ខ្សែសុវត្ថិភាព និងរៀបចំបង្គន់អនាម័យតាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេសត្រូវការបង្គន់អនាម័យនៅ ពេលរង់ចាំនៅទីលានកំពង់ផែផងដែរ ។

ប្រភពមន្ត្រីច្រកទ្វារបានបញ្ជាក់អោយថា នាវាទេសចរណ៍ VIKING ORION មានបណ្តោយ ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៧៨៩នាក់ ស្រី ៤១៩នាក់ មាន ១២សញ្ជាតិ និងមាននាវិកសរុប ៤៥៨នាក់ ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ ។

ប្រភពដដែលបន្តថានាវា VIKING ORION ចូលចតធ្វើទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាវានេះមានគម្រោងចាកចេញពីដែនសមុទ្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃបន្តទៀតបន្ទាប់ពីនាវាបានចាកចេញពីប្រទេសវៀតណាមមុនមកដល់ខ្មែរ ៕

Comments

comments