ព័ត៌មានលម្អិត៖ ករណីឆេះឃ្លាំងស្តុកទុកឈើបាឡែតនៅខណ្ឌសែនសុខកាលពីយប់ម៉ិញ

165
ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា នៅវេលាម៉ោង ១៦:៣៥នាទីល្ងាច ថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មាន ករណី អគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅឃ្លាំងស្តុកទុកឈើបាឡែត តាមបណ្តោយផ្លូវបេតុង ក្រុមទី០១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពដដែលបានអោយដឹងថា ម្ចាស់ទីតាំងឈ្មោះ  :  ចេង លីហេង ភេទ  ប្រុស   អាយុ ៣៣  ឆ្នាំ មានមុខរបរ ម្ចាស់ឃ្លាំងឈើបាឡែត ។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវ ។
សមត្ថកិច្ចបញ្ជាក់ថា ឃ្លាំងដែលឆេះនេះ សង់ពីដែកប្រក់ដំបូលស័ង្កសី មានទំហំ  ៣៥ម៉ែត្រ x ៥០ម៉ែត្រ ហើយឆេះខូចខាតអស់ទំហំ ២០ម៉ែត្រx៤០ម៉ែត្រ ចំនួន ០១  ឃ្លាំង ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៦ម៉ែត្រ x ២០ម៉ែត្រ អស់ចំនួន ០១  ខ្នង, ឆេះបន្ទប់ជួល ទំហំ០៣ម៉ែត្រx០៤ម៉ែត្រ ចំនួន ១៩  បន្ទប់ និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុង ចំនួន ០២  ល្វែង (ឆេះរោលប្រហែល ៤០%) ។
ចំពោះករណីសមត្ថកិច្ចបញ្ជាក់ថា មិនមានការស្លាប់និងរបួសមនុស្សនោះទេ ។
ចំពោះគ្រោះថ្នាក់អគ្គីភ័យនេះដែរសមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គីភ័យការិយាល័យនគរបាលរាជធានីភ្នំពេញ  ចំនួន  ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន  ២១០ឡាន ស្មើនឹង  ១,០១០ ម៉ែត្រគូប រថយន្តជំនួយអន្តរាគមន៍ក្រសួងមហាផ្ទៃចំនួន   ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន  ០៣  ឡានស្មើនឹង  ១៨  ម៉ែត្រគូប រថយន្តជំនួយកងរាជអាវុធហត្ថចំនួន  ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡានស្មើនឹង  ១៣០  ម៉ែត្រគូប រថយន្តជំនួយកងពលតូចលេខ៧០ ចំនួន   ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០  ឡាន ស្មើនឹង  ១១០  ម៉ែត្រគូប រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន   ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០  ឡានស្មើនឹង  ១១០ម៉ែត្រគូប   រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន  ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន  ០៧  ឡាន ស្មើនឹង  ៤២  ម៉ែត្រគូប  ៕  

Comments

comments