ពលរដ្ឋខ្មែររស់នៅរដ្ឋប្រីសបេន ប្រទេសអូស្រ្តាលី ជម្រាបសម្តេចចក្រី ហេង សំរិន ថា ពួកគាត់មិនចង់អោយប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមទៀតឡើយ

52

អូស្ត្រាលី៖ ប្រជាពលរដ្ឋរស់នៅរដ្ឋប្រីសបេន ប្រទេសអូស្ត្រាលី បានជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិខ្មែរថា ពួកគាត់មិនចង់អោយប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមទៀតឡើយ ហើយពួកគាត់សូមគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលចេញពីឆន្ទះពលរដ្ឋនោះ ។

នេះជាការលើកឡើងរបស់ប្រជាពលដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអូស្រ្តាលីជាច្រើន ដែលបានអញ្ជើញមកទទួលស្វាគមន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់ព្រលានយន្តហោះអន្តរជាតិ នារដ្ឋ Brisbane ប្រទេសអូស្រ្តាលី នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ ។ ក្នុងពេលសម្តេចប្រធានរដ្ឋសភាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា​ APPF​ នៅប្រទេសអូស្រ្តាលី ។

ប្រជាពលរដ្ឋបានបង្ហាញការគោរពនឹករលឹក និងបានថ្លែងអំណរគុណចំពោះសម្តេចប្រធារដ្ឋសភា ដែលបានលះបង់កម្លាំងកាយ និងបញ្ញា ចូលរួមរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ។ ជាមួយគ្នានេះប្រជាពលរដ្ឋនៅឯនាយសមុទ្របានថ្លែងអំណរគុណសម្តេច និងឥស្សរជន ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំកសាង អភិវឌ្ឍប្រទេសជាតិ មានសុខសន្តិភាព និងការអភិឌ្ឍដូចសព្វថ្ងៃ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំលឹក ជម្រាប ពលរដ្ឋពីដំណើរតស៊ូរបស់សម្តេច នៅក្នុងការរំដោះប្រទេសជាតិ ចេញពីរបបអាវខ្មៅ ប៉ុលពត តាមរយៈចលនាតស៊ូ២ធ្នូ១៩៧៨ ដែលនាំមកនូវជ័យជំនះ លើពួកខ្មែរក្រហម នៅថ្ងៃ ៧​ មករា ឆ្នាំ១៩៧៩។

សូមជម្រាបថា បន្ទាប់ពីឈប់សម្រាកដើម្បីផ្លាស់ប្តូរ ជើងយន្តហោះ នៅBrisbane នេះហើយ សម្តេចប្រធានរដ្ឋសភា និងបន្តដឹកនាំគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ទីក្រុងកង់បេរ៉ា កន្លែងដែលប្រារព្ធកិច្ចប្រជុំ​ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថាAPPF បន្តទៀត៕

Comments

comments