កម្ពុជាបិទជនបរទេសមកពីអ៉ីរ៉ង់ មិនអោយចូលរយៈពេល៣០ថ្ងៃ គិតពីថ្ងៃទី១៨ ខែមីនាតទៅ ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស កូវីដ Covid-19

32

ភ្នំពេញ៖  ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការបន្ទាន់មួយដោយហាមមិនឲ្យជនបរទេសមកពីប្រទេសអ៉ីរ៉ង់ ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ គិតថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃវីរ៉ុស កូវីដ១៩ Covid-19 ។

ប្រទេសកម្ពុជាគិតត្រឹមម៉ោង៩ព្រឹកថ្ងៃទ១៥ ខែមីនា ឆ្នាំ២០២០នេះបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ មានចំនួន៧ករណីរួមមាន៖

ទី១- បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២- បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣- ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤- បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥- ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦- បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧- បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ម្សិលម៉ិញនេះ ក្រសួងសុខាភិបាលនិងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ។

ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៉ីរ៉ង់ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ម្សិលម៉ិញនេះ បានបញ្ចេញរបាយការណ៍ពីចំនួនមនុស្សស្លាប់​ដោយសារតែវីរុសរាតត្បាតសកល COVID-19 បានកើនឡើងដល់ ៦១១នាក់ហើយ នៅក្នុងចំណោមអ្នកឆ្លងសរុប ១២,៧២៧ករណី។

មន្ត្រីទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងព័ត៌មានរបស់ក្រសួងសុខាភិបាលអ៉ីរ៉ង់​លោក ឃីយ៉ានួស ហ្សាហាន់ភើ (Kianush Jahanpur) ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំង ១២,៧២៧ករណីក៏មានអ្នកជំងឺសរុប ៤,៣៣៩នាក់រួចមកហើយដែរត្រូវបានព្យាបាលឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ។

អ៉ីរ៉ង់គឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតលេខ ២ បន្ទាប់ពីប្រទេសអ៉ីតាលីនាពេលបច្ចុប្បន្ន ខណៈតួលេខនៃអ្នកឆ្លង និងស្លាប់​ដោយសារតែវីរុសកូវីដ COVID-19 បាននិងកំពុងកើនឡើងជាលំដាប់។

ប្រទេសអ៉ីរ៉ង់នឹងប្រើប្រាស់យោធាបិទផ្លូវថ្នល់ និងដងវិថីនានា ព្រមទាំងទីផ្សារលក់ទំនិញផងដែរ ដើម្បីកុំឲ្យប្រជាជនប្រមូលផ្តុំគ្នា ដែលអាចនាំឲ្យមានការឆ្លង COVID-19 កាន់តែច្រើនឡើងនាពេលអនាគត ៕

 

Comments

comments