រដ្ឋបាលក្រុងព្រះសីហនុបន្តបើកផ្លូវតាមប្លង់ប្រព័ន្ធជូនពលរដ្ឋប្រើប្រាស់ជាសាធារណៈ

302


ព្រះសីហនុ៖  ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ម្សិលម៉ិញនេះ រដ្ឋបាលក្រុងព្រះសីហនុ បានបន្តបើកផ្លូវតាមប្លង់ប្រព័ន្ធដែលមានទំហំទទឹង ១៧ម៉ែត្រ និងបណ្តោយ ២៦២ម៉ែត្រ ទទួលបានជោគជ័យ ១០០% ។

បើតាមលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានអោយដឹងថា ផ្លូវលេខ ១០៣៣ ស្ថិតនៅក្រុម៣-៤ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋចំនួន ០៨គ្រួសារ បានសាងសង់ផ្ទះថ្ម ប្រក់ដំបូលស៊ីប្រូ រំលោភលើដីផ្លូវនេះ រស់នៅអស់ជាច្រើនឆ្នាំមកហើយ ។

លោក អ៊ី សុខឡេង បានបញ្ជាក់បន្ថែមអោយដឹងថា បន្ទាប់ពីបានកាយសំណង់អនាធិបតេយ្យទាំង ០៨គ្រួសារ ដែលរំលោភលើផ្លូវនេះរួច រដ្ឋបាលក្រុងនឹងស្ថាបនាផ្លូវនេះ ជាផ្លូវបេតុង មានទទឹង ៥ម៉ែត្រ បណ្តោយ ២៦២ម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរឡើងវិញ ។

ជុំវិញបញ្ហានេះពលរដ្ឋនៅក្រុងព្រះសីហនុបានសំដែងនូវការសាទរ និងសប្បាយចិត្តក្រៃលែង ដែលបានរដ្ឋបាលក្រុងបើកផ្លូវអោយប្រើប្រាស់ឡើងវិញ ក្រោយពីគេរំលោភយកអស់ជាច្រើនឆ្នាំមកហើយ ។

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ធ្លាប់បានប្រាប់អោយដឹងដែរថា ពលរដ្ឋគួរងាកមកគោរពច្បាប់ភូមិបាល ហើយកុំបន្តរំលោភសាងសង់សំណង់ផ្សេងៗដោយខុសច្បាប់បន្តទៀត ព្រោះនៅពេលរដ្ឋអនុវត្តច្បាប់ សំណង់ធំប៉ុណ្ណាក៏ដោយក៏ត្រូវវ៉ៃកំទេចចោលដែរ ៕     

 

Comments

comments