សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារលោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលថ្លើមធំហ៊ានយកឈ្មោះលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាលទៅបញ្ជាចៅសង្កាត់រកាខ្ពស់ស៊ីញ៉េដីរដ្ឋជាង៤០ហិកតាអោយខ្លួន

1004

ភ្នំពេញ៖ ទីបំផុតលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ដែលមានរឿងអាស្រូវមិនចេះចប់នោះ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសផ្អាកការងារជាបណ្តោះអាសន្នហើយ ដោយយោងតាមសំណើរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បន្ទាប់លោកស្នងការរងរូបនេះ មានបញ្ហាជាមួយលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបច្ចុប្បន្ន និងជាអតីតអភិបាលខេត្តកណ្តាល ។

ក្នុងលិខិតនេះបានតំរូវអោយលោក ស្រេង សុខា ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារនៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរង់ចាំការសម្រេចជាថ្មី នេះបើតាមប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ។

សូមរម្លឹកថា លោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាលនេះថ្លើមធំដែលហ៊ានយកឈ្មោះលោក ម៉ៅ ភិរុណ អតីតអភីបាលខេត្ត បច្ចុប្បន្នជាប្រធានប្រឹក្សាខេត្ត ទៅបញ្ជាចៅសង្កាត់រកាខ្ពស់ អោយស៊ីញ៉េដីរដ្ឋជាង៤០ហិកតា ល្បីស្ទើរទូទាំងប្រទេសមកអោយខ្លួន ។

បញ្ហានេះបានធ្វើអោយលោក ម៉ៅ ភិរុណ ប្រតិកម្មយ៉ាងខ្លាំងក្រោយទទួលព័ត៌មានថា លោកស្នងការរងរូបនេះហ៊ានយកឈ្មោះគាត់ ដែលជាអភិបាលខេត្តកណ្តាលនៅពេលនោះទៅបញ្ជាលោកចៅសង្កាត់រកាខ្ពស់ អោយស៊ីញ៉េដីរដ្ឋជាង៤០ហិកតាមកអោយខ្លួន ខណៈពេលដែលលោកមិនបានដឹងអីសោះ ដែលនេះជាការប្រមាថធ្ងន់ធ្ងរដល់មុខមាត់របស់លោក ហើយធ្វើមន្ត្រីថ្នាក់មូលដ្ឋានខ្លាចរអា ដោយមិនដឹងពីលោកស្នងការរងរូបនេះមានគំនិតអាក្រក់ទុច្ចរិតបែបនេះសោះ ។

ផ្តើមចេញពីបញ្ហានេះបានធ្វើអោយលោក ម៉ៅ ភិរុណ បញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល អោយទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ អោយកាត់ដីទទឹងថ្ងៃរបស់រដ្ឋជាង៤០ហិកតា ដែលជារឿងខុសច្បាប់ធ្ងន់ធ្ងរបំផុត ដោយលោក ម៉ៅ ភិរុណ បានបញ្ជានៅចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងចំណោមមនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០កន្លងទៅ  ៕  

 

Comments

comments