លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាកំលាំងចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ៤

138

​ព្រះសីហនុ​៖ នៅព្រឹកថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ធ្នាប់បានអោយដឹងថា ក្រោមបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពិសេសគឺអប់រំអ្នកបើកបរអំពីការអនុវត្តអនុក្រឹត្យថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ខាងមុខ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា បានអោយដឹងថា ទី១បានពិន័យអ្នកបើកបរម៉ូតូ សរុប ០៧គ្រឿង ដែលមិនពាក់មួកសុវត្ថិភាព ចំនួន ០៧នាក់ ។ ទី២ ពិន័យរថយន្ត សរុប ១៩គ្រឿង ក្នុងនោះរថយន្តធំ ០៦គ្រឿង មានដូចជា ៖• មិនពាក់ខ្សែក្រវ៉ាត់ ចំនួន ០៥គ្រឿង ( ធំ ០៣គ្រឿង ) អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ ចំនួន ០១គ្រឿង រថយន្តបិទកញ្ចក់ខ្មៅ ចំនួន ០៦គ្រឿង ( ធំ ០១គ្រឿង ) រថយន្តគ្មានឯកសារច្បាប់ដើម ចំនួន ០១គ្រឿង បណ្ណបើកបរខុសប្រភេទយាន ចំនួន ០១គ្រឿង ( ធំ ០១គ្រឿង ) រថយន្តបើកបរល្មើសល្បឿនកំណត់ ចំនួន ០៥គ្រឿង ( ធំ ០៣គ្រឿង ) ព្រមទាំងពិន័យបានទឹកប្រាក់ សរុប ១.៥៣០.០០០រៀល ។

ក្រោយធ្វើការពិន័យរួច នគរបាលបានណែនាំអ្នកបើកបរយានយន្តទាំងអស់ ត្រូវរៀបចំលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ពាក់មួកសុវត្ថិភាព ធ្វើផ្លាកលេខសម្គាល់យានយន្ត និង ទៅប្រឡងយកបណ្ណបើកបរត្រឹមត្រូវតាមច្បាប់កំណត់ ។ បានផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និង ចែកជូនប្រជាពលរដ្ឋនូវអនុក្រឹត្យលេខ ៣៩ បានចំនួន ១៨៧ច្បាប់ ( ស្មើនឹង ១៨៧នាក់ ) ផងដែរ ៕

 

Comments

comments