ចាប់ខ្លួនប្រធាន​ប្រយុទ្ធ​ជំងឺឆ្លង​ក្រុង​ហាណូយ និងមនុស្ស ៦នាក់ផ្សេងទៀត ពីបទ​ប្រព្រឹត្តិអំពើពុករលួយ​រឿងទិញឧបករណ៍​តេស្ត COVID-19

139

ហាណូយ៖ ​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​ប្រចាំ​ក្រុង​ហាណូយ (CDC) ប្រទេសវៀតណាម និង​បក្ខពួក​ប្រុសស្រី​៦នាក់​ផ្សេងទៀត ត្រូវបានកំលាំងក្រសួងសន្តិសុខសាធារណៈចាប់​ឃាត់ខ្លួន​ពីបទ​ពុករលួយ​ពាក់ព័ន្ធ​ការបញ្ជាទិញ​ឧបករណ៍​ធ្វើតេស្ត COVID-19 ។​ នេះបើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​វៀតណាម VNExpress International ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ម្សិលម៉ិញនេះ ។

ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាមបាននិយាយកាលពីថ្ងៃពុធថាលោក ង្វៀន ញ៉ឹកកាម (Nguyen Nhat Cam) ត្រូវបានគេចោទប្រកាន់ពីបទ “រំលោភបទបញ្ជានៃច្បាប់ស្តីពីការដេញថ្លៃដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ” ។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​វៀតណាម VNExpress International ក្រសួង អះអាងថា ប្រធាន​ CDC ​រូបនេះ បានឃុបឃិតគ្នាដើម្បីបន្លំនិងដំឡើងថ្លៃកញ្ចប់ដេញថ្លៃសម្រាប់ឧបករណ៍តេស្ត Covid-19 ដែលប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ Realtime PCR” ។

ចំណែកអ្នកពាក់ព័ន្ទទាំង៦នាក់ទៀតរូមមាន៖ លោក “ង្វៀន វ៉ូហាថាញ Nguyen Vu Ha Thanh ប្រធាននាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះ លោក ឡេស៊ានទួន Le Xuan Tuan ជាបុគ្គលិកនៃនាយកដ្ឋាននេះ ។ លោក Dao The Vinh នាយកក្រុមហ៊ុនវិទ្យាសាស្ត្រ និងសំភារៈវិទ្យាសាស្ត្រ វៀតណាម ។ លោក ង្វៀន ត្រឹនឌុយ​ (Nguyen Tran Duy) ប្រធានក្រុមហ៊ុនវាយតម្លៃនិងដេញថ្លៃអចលនទ្រព្យណាន់ថាញ់Nhan Thanh; លោក ង្វៀន ង៉ុកញ៉ាត Nguyen Ngoc Nhat ជានិយោជិករបស់ក្រុមហ៊ុនអភិវឌ្ឍន៍វីធីច និងលោក ង្វៀន ថាញ់យ្វិញ Nguyen Thanh Tuyen បុគ្គលិកក្រុមហ៊ុនឧបករណ៍វេជ្ជសាស្រ្ត ដែលប្រឈមនឹងការចោទប្រកាន់ដូចគ្នា ។

​លោក ង្វៀន ញ៉ឹកកាម (Nguyen Nhat Cam) បាន​ចូលកាន់​តំណែង​ជា​នាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាណូយចាប់តាំងពីឆ្នាំ ២០១៣  ហើយក្នុង​ឆ្នាំ​២០១៨​ បានចូលកាន់កាប់ CDC ទទួលបន្ទុក​ចាត់វិធានកា​រ​បង្ការ​ការរីក​រាល​ដាល​ជំងឺឆ្លង ក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​៨​លាន់​នាក​ក្នុងប្រទេស​វៀតណាម​នេះ​។ ​ទន្ទឹមនឹង​សហការ​ជាមួយ​អាជ្ញាធរ​តំបន់​ទប់ស្កាត់​COVID-19 និង​ស៊ើបអង្កេត​ករណី​ឆ្លង​ថ្មី CDC ក៏​ទទួលបន្ទុក​ធ្វើតេស្ត​COVID-19 ក្នុង​ទីក្រុង ហើយ​ធ្វើតេស្ត​មនុស្ស​ចន្លោះ​ពី​២៥០០-៣០០០​នាក់​ក្នុង​មួយថ្ងៃ​។

​គិត​ត្រឹម​ថ្ងៃ​២៣ ខែមេសា វៀតណាម មាន​ករណី​ឆ្លង​COVID-19​សរុប ២៦៨​ករណី ក្នុងនោះ​ជាង​៨០​ភាគរយ​ជាសះស្បើយ​ ហើយនៅសល់ ៤៥ ករណីសកម្មទៀតប៉ុណ្ណោះ  ម្យ៉ាងទៀត មិនមានករណីថ្មីទេក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ  ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្ដើម​គិតគូរ​ដកហូត​ការ​រឹតត្បិត​ការដើរ​ហើរ​ជួយ​សេដ្ឋកិច្ច​ឡើងវិញ ៕

Comments

comments