ចាប់ខ្លួនលោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​ពាក់ព័ន្ធ​អំពើពុករលួយ​

166

ភ្នំពេញ​ ៖ លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ធ្វើ​ការ​ឃាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ​នេះ ហើយបន្ទាប់មក​ក៏​បាន​បញ្ជូនទៅ​កាន់អង្គភាព​ប្រឆាំង​អំពើពុករលួយចាត់ការបន្ត នេះបើតាមថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ។

ការ​ចាប់​ខ្លួន​លោក ម៉ៃ តុលា បានធ្វើ​ឡើង​បន្ទាប់ពី​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជាបាន​សម្រេចព្យួរ​ការងារមន្រ្តី​របស់ខ្លួនចំនួន៤រូបក្នុង​នោះ​ក៏​មាន​លោក ម៉ៃ តុលា ផងដែរ ដោយមិន​ឲ្យ​ពាក់ព័ន្ធនឹង​វិស័យ​កីឡា​បាល់ទាត់អស់​មួយ​ជីវិត ។ បន្ថែមពីនេះសំណុំរឿងលោក ម៉ៃ តុលា ក៏ត្រូវបានសហព័ន្ទបញ្ជូនទៅតុលាការផងដែរ ក្រោយពីបានស្រាវជ្រាវ​រកឃើញ​ថា ពួក​គេ​មាន​ពាក់ព័ន្ធនឹង​ការ​កឹប​កេង​ប្រាក់​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់ Tiger Street football ចាប់តែពីឆ្នាំ២០១៣ រហូត​​ដល់​ឆ្នាំ​២០១៩ ហើយក៏មានការសារភាពពីសាម៉ីខ្លួនផងដែរ ។

បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា បាន​បញ្ជាក់ក្នុង​សន្និសីទ​សារព័ត៌កាលពីពេលថ្មីៗនេះថា ទឹក​ប្រាក់​ដែល​បាន​កឹបកេងនោះ មានចំនួន​ប្រមាណជា ៣០ភាគរយ ក្បែរ​នឹង​ជិត ៦ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក ។

គួរ​បញ្ជាក់ដែរថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី​៦ ឧសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ពិន័យ​មន្ត្រី​៤​រូប មិន​ឲ្យ​ពាក់ព័ន្ធ​វិស័យ​កីឡា​មួយជីវិត ពាក់ព័ន្ធ​ការ​កិបកេង​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ ដែល​កម្មវិធី​ប្រកួត​បាល់ទាត់ Tiger Street ផ្តល់​ឲ្យ​សហព័ន្ធ​(​គិត​ចាប់ពី​ឆ្នាំ​២០១៥-២០១៩)​។
​មន្ត្រី​ទាំង​៤​រូបនោះ រួមមាន​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​, លោក ឆាំង ពិសិដ្ឋ អតីត​ប្រធានការិយាល័យ​រៀបចំ​ការប្រកួត​, លោក ទុយ វិច្ឆិកា អតីត​ប្រធានការិយាល័យ​អាជ្ញាកណ្តាល និង​លោក គល់ សុភា​រម្យ អតីត​ប្រធានការិយាល័យ​រដ្ឋបាល​៕ លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ទបាល់ទាត់កម្ពុជា

 

Comments

comments