ទីបំផុតចោរលួចកាច់ករម៉ូតូយ៉ាងសកម្មនៅក្រុងព្រះសីហនុនឹងបក្សពួករួមនិងអ្នកទួលបញ្ចាំត្រូវបាននគរបាលបង្ក្រាបបានហើយ

174

ព្រះសីហនុ៖ មុខសញ្ញាចោរលួចកាច់ករម៉ូតូយ៉ាងសកម្មនៅក្រុងព្រះសីហនុត្រូវបាននគរបាលខេត្តព្រះសីហនុធ្វើការបង្ក្រាបបានហើយជាមួយនិងបក្សពួកម្នាក់ទៀតដែលជាអ្នកចាំយកម៉ូតូទៅបញ្ជាំ​ ហើយក៏បានឈានទៅបង្ក្រាបអ្នកទទួលផលនៃអំពើលួច (អ្នកទទួលបញ្ចាំ) បានម្នាក់ទៀតផងដែរ ។

ក្នុងកិច្ចប្រតិបត្តការបង្ក្រាបនេះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលលខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង២៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ៊ាង ចិត្រា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម៩ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកC125 ព៌ណខ្មៅ ផលិតឆ្នាំ២០១៨ លេខតួៈND125M 5258931 លេខម៉ាស៊ីនND125ME5258931 កាលពីវេលាម៉ោង០១ និង១០នាទី ដែលខ្លួនបានចតក្នុងផ្ទះ ។

ក្រោយពីបានទទួលបណ្ដឹងភ្លាមលោកស្នងការបានចេញបញ្ជាចាត់កម្លាំងជំនាញចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញានេះអោយខាងតែបានភ្លាមៗផងដែរ ។ បន្ទាប់ពីបានទៅដល់ទីតាំងកើតហេតុកម្លាំងបានពិនិត្យកាំមេរ៉ាសុវត្ថិភាព ក៏បានកំណត់បាននៅមុខសញ្ញាប្រព្រឹត្ដបទល្មើស រហូតដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទីម្សិលម៉ិញនេះ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធចំនួន០៣នាក់ ជាបន្ដបន្ដាប់  រួមនឹងវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ដែលមានលេខតួៈND125M 5258931 និងលេខម៉ាស៊ីនND125ME5258931 នាំយកមកកាន់ស្នងការដ្ឋានខេត្ត ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់អោយដឹងថា ជនដៃដល់រួមនិងបក្សពួកដែលបង្ក្រាបបានទាំងនោះរួមមាន៖ ១-ឈ្មោះ ស្រ៊ុន សុភី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(មុខសញ្ញាសកម្ម) មានទីលំនៅក្រុម១១ ភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្ដព្រះសីហនុ ជាជនដៃដល់ ។ ២-ឈ្មោះ ចាន់ សំនៀង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់២ ក្រុង/ខេត្ដព្រះសីហនុ  (អ្នកយកទៅបញ្ចាំ) ។ ៣-ឈ្មោះ ផាត សុចាន់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរៈមិនពិតប្រាកដ មានទីលំនៅក្រុម៣៥ ភូមិ៣(ទំនប់រលក) សង្កាត់១ ក្រុង/ខេត្ដព្រះសីហនុ  (អ្នកទទួលបញ្ចាំ) ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងសាកសួរចម្លើយ និងបំពេញនីតិវិធី ដើម្បីបញ្ជូនបន្ដទៅកាន់អយ្យការអមសាលាដំបូងខេត្ដចាត់ការតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសំដែងការសាទរ និងកក់ក្តៅក្នុងចិត្តចំពោះវត្តមានរបស់លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដែលជានិច្ចកាលតែងតែធ្វើការបង្ក្រាបបាននៅមុខសញ្ញាជនល្មើស មិនថា ខ្មែរ ចិន ឬជាតិសាសន៍ណាណាទេអោយតែប្រព្រឹត្តបទល្មើសក្នុងខេត្តតែងតែធ្វើការបង្ក្រាបបានជាបន្តបន្ទាប់រហូត ។

ជាទូទៅក្រោយពីបានធ្វើការបង្ក្រាបបានមុខសញ្ញានានាគេសង្កេតឃើញប្រជាពលរដ្ឋបានថ្លែងកោតសសើរ និងជូនពរ តាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនចំពោះស្នាដៃលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ រួមនឹងមន្ត្រីក្រោមឱវាទផងដែរ ៕   

Comments

comments