សម្តេចក្រឡាហោម ស ខេង បណ្តេញមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ចេញពីក្របខណ្ឌនគរបាលជាតិដោយជាប់ពាក់ព័ន្ទនឹងការជួញដូរគ្រឿងញៀន

602

ភ្នំពេញ៖ សម្តេចក្រក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រចុងសប្តាហ៍មុន ទី១៩ ខែមិថុនា ឆ្នាំ២០២០បានចេញប្រកាសសម្រេចបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមានឈ្មោះ ស វាសនា អត្តលេខ ៦៨០៤១ និងមានឋានន្តរសក្តិ អនុសេនីយ៍ទោ  ដោយយោងតាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមូលហេតុមន្ត្រីនគរបាលរូបនេះមានជាប់ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងប្រការ២នៃប្រកាសនេះបានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២០នេះតទៅ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមហ្វេសប៊ុកថា មានមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ដែលទំនងបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង Sokimex និង Tela ក្នុងសង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់! គេសង្កេតនៅលើហោប៉ៅអាវនោះមានឈ្មោះ ស​ វាសនា​ អត្តលេខ​ ៦៨០៤១​ ពាក់សក្តិ២​ ហើយក៏មានសក្តិ៣ថ្មី១ទៀតដែលទំនងជាត្រៀមឡើងសក្តិផងក៏មិនដឹង?

បើតាមមន្ត្រីនគរបាលខេត្តព្រះសីហនុបានអោយដឹងថា​ ម្ចាស់ឯកសណ្ឋាននេះគឺពិតជាមន្ត្រីនគរបាលពិតមែន​ ហើយនៅការិយាល័យអគ្គិភ័យ​ ។

មន្ត្រីដដែលបានបន្ថែមថា​ មន្ត្រីនគរបាលរូបនេះធ្លាប់ត្រូវបាននគរបាលសង្កាត់លេខ៣​ ចាប់ខ្លួនម្តងដែរីបទចែកចាយ​ និងរក្សាទុកគ្រឿងញៀន​ តែមិនដឹងយ៉ាងម៉េច​ មិនឃើញថ្នាក់ដឹកនាំមានវិធានការសោះ​ ។

ចំណែកឯលោកប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្លាប់ប្រាប់អោយដឹងថា​ មន្ត្រីនគរបាលរូបនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដាក់សំណើទៅលើដើម្បីដកចេញរួចហើយ​ នៅរង់ចាំតែប្រកាសធ្លាក់មកប៉ុណ្ណោះ​ ។

ប្រជាពលរដ្ឋសូមស្នើទៅសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​មេត្តាមានវិធានការចំពោះមន្ត្រីនគរបាលរូបនេះផង​ ដើម្បីកុំអោយខូចឈ្មោះមន្ត្រីនគរបាលល្អៗដទៃទៀត!

ជុំវិញចំណាត់ការនេះប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុបានសម្តែងនូវការគាំទ្ររយ៉ាងពេញទំហឹងចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិក្នុងការវះកាត់សាច់ស្អុយចេញ ដើម្បីកុំអោយខូចឈ្មោះមន្ត្រីនគរបាលល្អៗដទៃ ក៏ដូចជាធ្វើប៉ះពាល់ដល់កិត្យានុភាពនគរបាលជាតិទាំងមូលផងដែរ ៕

Comments

comments