ផ្ទះហោះនិងបង្គោលអនាធិបតេយ្យហ៊ុំព័ទ្ធដីរដ្ឋក្នុងឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-កុសុមៈ​”គីរីរម្យ​”ត្រូវ​បានកំលាំង​គណៈប​ញ្ជាការឯក​ភាព​ខេត្ដ​ចុះរុះរើ

77


កំពង់ស្ពឺ៖ ផ្ទះហោះនិងបង្គោលអនាធិបតេយ្យក្នុងឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-កុសុមៈ​”គីរីរម្យ​” ត្រូវ​បានកំលាំង​គណៈប​ញ្ជាការឯក​ភាព​ខេត្ដ​ ចុះរុះរើកាលពីព្រឹកថៃ្ង​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០​២០​នេះ ដោយកម្លាំង​ចំរុះ​ដឹកនាំដោយ លោក​ សរ​ សុពុត្រា​ អភិ​បាល​រងខេត្ដកំពង់ស្ពឺ​ តំណាងលោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈអភិ​បាលខេត្ដ​ និងជាប្រធានគណៈបញ្ជាការឯក​ភាពខេត្ដ​ បានចុះពិនិត្យនិងធ្វើការរុះរើ​ របង​ព័ទ្ធ​ដី​ រោងចាំដី ផ្ទះហោះ និងសំណង់​អនាធិបតេ​យ្យ​សង់រំលោភយកដីធ្វើជាកម្មសិទ្ធ​ នៅក្នុង​តំបន់ឧទ្យា​នជាតិ​ ព្រះសុរាម្រិត​-កុសុមៈ​ “គីរីរម្យ​”​ ចំណុចនាគព័ន្ធ​ ចំណុចអូរកសេះ ស្ថិតក្នុងឃុំចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។

ប្រភពអាជ្ញាធរខេត្តបានអោយដឹងថា បច្ចុប្បន្ន​ក្រុមអនាធិបតេយ្យមួយចំនួនតែង​តែលួចធ្វើសកម្មភាពទន្រ្ទានយកដីរដ្ឋធ្វើជាកម្ម​សិទ្ធដោយមិនខ្វល់អំពីអ្វីដែលហៅថាជាផ្លូវ​ច្បាប់​នោះឡើយ​ គឺបានគៀងគរពលរដ្ឋមួយ​ចំនួនមកពីរតំបន់ឆ្ងាយនិងផ្ដល់លុយដោយកា​រកុហកនិងអះអាងថាធានាក្នុងការបង្រ្កាបពី​សមត្ថកិច្ច​ ជំនាញ​ពាក់ព័ន្ធ​ ។

ដោយអនុវត្ត​គោលការណ៍ច្បាប់​ គណៈបញ្ជាការឯក​ភាព​ខេត្ដ​ បានធ្វើ​ការរុះរើ​របងព័ទ្ធយកដី​ រោងចាំដី​ និងសំណង់​អនាធិបតេយ្យ​បាន​មួយចំនួន​ និងបានសំណូមពរដល់បងប្អូនប្រ​ជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់អោយចូលរួមប្រព្រឹត្ដសកម្មភាពធ្វើ​ការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់​ ត្រូវ​តែ​បញ្ឈប់សកម្មភាពដោយការពិចារណាគឹតគូរ​អំពីបញ្ហាការអនុវត្តច្បាប់នាំឲ្យមានពិរុទ្ធភាព​ មកលើខ្លួននិងក្រុមគ្រួសារ​ ផលប្រយោជន៍​ បានអ្នកដទៃ​ ។

លោក សរ សុពុត្រា ដែលដឹកនាំកម្លាំងសមត្ថកិច្ចចំរុះនៃគណៈកម្មការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការចូលទន្ទ្រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិបានថ្លែងថា កិច្ចប្រតិបត្តិការនេះអាជ្ញាធរបានសង្គ្រោះដីឧទ្យានជាតិបានចំនួន ១២ហិចតា ប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ។

ជាមួយគ្នានេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានថ្លែងទៅកាន់ជនខិលខូចទាំងនោះថា ឈប់បានឈប់ទៅ! កុំនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ហើយធ្វើជាឈ្លោះគ្នា ដាក់ឲ្យខ្ញុំកាត់ឲ្យខាងនេះ កាត់ឲ្យខាងនោះ មិនអាចទៅរួចទេ ៕

 

 

Comments

comments