ទីបំផុតក្រុមចិនចាប់ជំរិតស្ត្រីជនជាតិចិនដូចគ្នាត្រូវបាននគរបាលខេត្តព្រះសីហនុបង្ក្រាបបានហេីយ

363

ព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០បានអោយដឹងពីការបង្ក្រាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់ រវាងជន ជាតិចិននឹងជនជាតិចិនថា៖

+នៅថ្ងៃទី១៣ខែសីហាឆ្មាំ២០២០ វេលាម៉ោង ២៣:១០នាទី មានប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូកង់បី (PASS APP) បានទូរស័ព្ទប្តឹងរាយការណ៍ថា មាននារីជនជាតិចិន១នាក់ ភេទស្រី បានបើករថយន្តរបស់គាត់ម៉ាក RANGE ROVER ពណ៌ស មកចតនៅកៀនហាងលក់សំលៀកបំពាក់របស់គាត់ដែលមានស្លាកយីហោ COCO ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងខេត្តព្រះសីហនុ ភ្លាមនោះស្រាប់តែមានជនជាតិចិនមួយក្រុមមានគ្នា ៤នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ មកឈប់ក្បែររថយន្តរបស់នារីជនជាតិចិន ដែលជាថៅកែហាងCOCO ហើយក៍មានជនជាតិចិន ៣នាក់ បានចុះពីរថយន្តម៉ាកហាយលែនឌឺ មកចាប់នារីជនជាតិចិននោះ ខ្ទប់មាត់បោះចូលក្នុងរថយន្តរបស់ពួកវា រួចជិះគេចខ្លួនបាត់ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍សង្កាត់២  ចុះទៅដល់កន្លែងកើតហេតុ និងត្រួតពិនិត្យមើលកាំមេរ៉ាសុវត្តិភាពឃើញថា ពិតជាមានករណីចាប់ខ្លួននារីជនជាតិចិនដែល ជាថៅកែហាងលក់សំលៀកបំពាក់ COCO ចូលទៅក្នុងរថយន្ត ១គ្រឿង ម៉ាកហាយលែនឌឺ ពិតប្រាកដមែន ទើបកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការជំនាញ និងស្ទាក់គ្រប់គោលដៅសំខាន់ៗ ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ 

រហូតដល់វេលាម៉ោង៦:០០នាទី ថ្ងៃទី ១៤ខែសីហាឆ្នាំ២០២០ កម្លាំងជំនាញរកបានតំរុយដែលរថយន្តជនសង្ស័យជិះគេចខ្លួនទៅស្រុកស្ទឹងហាវ ទើបធ្វើការរុករករហូតរំដោះបានជនរងគ្រោះដែលត្រូវជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅក្នុងព្រៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ  រីឯជនសង្ស័យបានរត់គេចខ្លួនអស់

លោកឧត្តមសេនីយ៍ស្នងការបានអោយដឹងបន្ថែមថាបន្ទាប់ពីរំដោះជនរងគ្រោះរួចហើយ កម្លាំជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទី កម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យ១នាក់ នៅចំណុចសណ្ឋាគារនិងកាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅក្រុម១៣ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ព្រមទាំងដកហូតបានរថយន្តម៉ាក ហាយលែនឌឺ ពណ៌ទឹកប្រាក់ មានផ្លាកលេខៈ ភ្នំពេញ 2K-7388 ដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះ បន្ទាប់ពីធ្វើការពីសាកសួរជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចបានបន្តចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង២១:៣០នាទី នៅចំណុចកែងផ្លូវ LV ស្ថិតនៅ ភូមិ៤ សង្កាត់៤ក្រុងខេត្តព្រះសីហនុ    

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះ WU JIAJIA ភេទស្រីអាយុ៤២ឆ្នាំ ជន ជាតិចិន មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងខេត្តព្រះសីហនុ មានស្នាមរងបួសដាច់រលាត់ស្បែកបន្តិច បន្តួច(រងរបួសស្រាល) ។រីឯជនសង្ស័យទាំង៣នាក់រួមមាន៖

ឈ្មោះ WANG XIAO ZHANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងលក់អំពូលភ្លើងសូឡា កាន់លិខិតឆ្លងដែនលេខៈ EH7330702 (មិនបានយកតាមខ្លួន) ស្នាក់នៅសណ្ឋាគារ កាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ

ឈ្មោះ RAN FU CHUAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងហាងបាយ HUAN LE គ្មានលិខិតឆ្លង ដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះ សីហនុ

ឈ្មោះ JIANG HONG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទិញឥវ៉ាន់ហាងបាយ HUAN LE គ្មានលិខិតឆ្លង ដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ វត្ថុតាងចាប់យកបាន៖រថយន្ត១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ផ្លាកលេខៈ ភ្នំពេញ 2K-7388 (មធ្យោបាយធ្វើសកម្មភាពចាប់ជំរិត)និងក្នុងរថយន្តមានសម្ភារមួយចំនួន រថយន្ត១គ្រឿង ម៉ាក TUNDRA ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2AY-0176  ដំបងដែករលាស់១ដើមខ្សែដៃអង្កាំចិញ្ចៀន១វង់ស៊ីមទូរស័ព្ទដៃ១នាឡិកាដៃ២ និងបំពង់ប្រើប្រាស់គ្រឿងញៀន១ទូរស័ព្ទដៃ៧គ្រឿង ។ 

ករណីនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់


 

Comments

comments