អភិបាលក្រុងព្រះសីហនុប្រើគ្រឿងចក្រឈូសកម្ទេចចោលសម្ភារៈអ្នកលក់តាមចិញ្ចើមផ្លូវក្រោយហាមឃាត់មិនស្តាប់ច្រើនដង

169

ព្រះសីហនុ៖ ផ្សារនៅតាមចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតនៅតំបន់ឃ្លាំងលើ និងមុខរោងចក្រ Newstar ដែលបង្កអោយស្ទះចរាចរណ៍រាល់ថ្ងៃ និងពេលខ្លះក៏បានបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងមានការរិះគន់ផងដែរពីអ្នកធ្វើដំណើរតាមផ្លូវនេះ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុធ្វើការឈូសកម្ទេចចោលហើយក្រោយពីបានណែនាំមិនស្តាប់ ។

បើតាមលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ម្សិលម៉ិញនេះបានបញ្ជាក់ថា “ផ្សារចិញ្ចើមផ្លូវនៅឃ្លាំងលើ និងមុខរោងចក្រ Newstar នៅតាមបណ្តោយផ្លូវជាតិលេខ៤ នឹងលែងមានចាប់ពីថ្ងៃ ០៦/១០/២០២០ តទៅ!” ។

អភិបាលក្រុងព្រះសីហនុបានអោយដឹងថា  នៅថ្ងៃអង្គារ៍ ទី០៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកំលាំងសរុបចំនួន ២៩៣នាក់ សហការជាមួយមន្ទីរសាធារណការ និងមន្ទីរបរិស្ថាន បានចុះរៀបចំសណ្តាប់ធ្នាប់ចំពោះអ្នកលក់ដូរម្ហូបអាហារបន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់តាមបណ្តោយផ្លូវជាតិលេខ៤ ចំនួន ២ទីតាំង គឺនៅឃ្លាំងលេី​ និងមុខរោងចក្រ Newstar ប្រើពេល ១ថ្ងៃពេញ ទទួលបានលទ្ធផលជោគជ័យ ១០០% ដូចខាងក្រោម៖

១/ បានចាប់យកម្ហូបអាហារ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ជាច្រើនមុខយកមករក្សាទុកនៅសាលាក្រុង។២/ បានរុះរើ និងយកគ្រឿងចក្ររុញបំបាក់សំយ៉ាប និងឈូសសំណង់រំលោភលើចិញ្ចើមផ្លូវចោល។៣/ បានយកគ្រឿងចក្រឈូសសម្អាត និងដឹកកាកសំណល់ ដើម្បីឲ្យចិញ្ចើមផ្លូវមានសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថានល្អឡើងវិញ។៤/ ដាក់កំលាំងចម្រុះ និងគ្រឿងចក្រចំនួន ០២គ្រឿង ជាប្រចាំរយៈពេល ១ខែ ដាច់ខាតមិនអនុញ្ញាតយកចិញ្ចើមផ្លូវជាតិលេខ៤ ទាំងនៅឃ្លាំងលើ និងមុខរោងចក្រ Newstar ដាក់លក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ អនាធិបតេយ្យបានទៀតទេ ។

ជុំវិញសកម្មភាពនេះប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ ព្រមទាំងអ្នកដំណើរតាមបណ្តោយផ្លូវជាតិលេខ៤បានសំដែងនូវការអបអរសាទរ និងគាំទ្ររយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់រដ្ឋបាលក្រុងព្រះសីហនុដែលបានជួយរំដោះចិញ្ចើមផ្លូវ និងផ្លូវជាតិលេខ៤មកវិញដើម្បីអោយពួកគាត់ងាយស្រួលធ្វើដំណើរ ជាពិសេសអ្នកបើកបរម៉ូតូដែលជូនកូនតូចៗទៅរៀននៅម្តុំនោះទទួលបានសុវត្ថិភាពល្អប្រសើរឡើងវិញ ៕

 

Comments

comments