ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន៣៥នាក់ ក្នុងនោះ៣១នាក់ ឆ្លងចូលសហគមន៍ “ព្រឹត្តិការណ៍ ២០កុម្ភៈ”

9


ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ” និង៤នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស។ នៅថ្ងៃទី២២នេះក្រសួងក៏បានប្រកាស ពីការព្យាបាលជាសះស្បើយ ចំនួន២នាក់ផងដែរ ។

ក្រសួងសុខាភិបាល សូមអំពាវនាដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ ។ ប្រសិនមានអាការមិនស្រួលខ្លួន ដូចជាឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

Comments

comments