អ្នកកោះរ៉ុងត្រៀមខ្លួនទៅលោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រដែលមានសុវត្ថិភាពខ្ពស់ ដឹកមន្ត្រីកងទ័ពធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនហើយ

165

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា GTVC Speed Boat Cambodia បានបញ្ជូនអូប័រដែលមានសុវត្ថិភាពខ្ពស់ប្រកបដោយផាសុកភាព ជាមួយនឹងអ្នកបើកបរដែលមានបទពិសោធន៍ល្អជាយូរឆ្នាំ ដឹកជញ្ជូនមន្ត្រីកងទ័ពតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានបណ្តុះបណ្តាលការចាក់វ៉ាក់សាំងរួចហើយនោះ ធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលកំពុងទន្ទឹងរង់ចាំជាយូរមកហើយនោះ ។

ជាមួយនឹងកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ លើកោះរ៉ុងរបស់លោកឧកញ៉ា ទៀ វិចិត្រ នេះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានផ្តល់ការដឹកជញ្ជូនក្រុមការងារកងទ័ព នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដឹកនាំដោយលោកស្រីវរសេនីយ៍ឯក សំ ចាន់ម៉ាឡា មេបញ្ជាការរង ធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ដល់គោលដៅដោយសុវត្ថិភាពដោយមិនគិតប្រាក់ក៏ដូចជាការចំណាយពេលវេលាផងដែរ ។

សូមបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ដដែលនេះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងផ្តល់ដំបូន្មានល្អៗសម្រាប់អនុវត្តន៍ដល់គ្រូពេទ្យកងទ័ពនៃ តំបន់ប្រតិការសឹករងព្រះសីហនុផងដែរ ។

ជារឿយៗមហាជនទាំងក្នុងនិងក្រៅប្រទេសតែងតែឃើញនូវសកម្មភាពសប្បុរសធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែយកអាសារបងប្អូនប្រជាពលរដ្ឋមិនថាតែនៅលើសមុទ្រ លើកោះ ឬលើគោកនោះទេនៅពេលដែលមានធុរៈអាសន្នអន់ក្ររម្តងៗដូចជា ស្ត្រីត្រូវឆ្លងទន្លេ អ្នករងរបួស ឬមានជំងឺផ្សេងៗដែលត្រូវធ្វើដំណើរមកមន្ទីរពេទ្យដើម្បីព្យាបាល ឬក៏បងប្អូនប្រជានេសាទ ឬអ្នកដំណើរលើផ្ទៃសមុទ្រជួបឧបទ្ទវហេតុលិចទូកកណ្តាលសមុទ្រជាដើម គេតែងឃើញលោកឧកញ៉ា ទៀ វិចិត្រ មិនរួញរាឬដំអែរដំអង់យូរនោះទេអោយតែទទួលបានការស្នើសុំ បើទោះបីជាយប់អធ្រាត្រជ្រៅយ៉ាងណាក៏ដោយ ឬក៏អាកាសធាតុខ្យល់ព្យុះមិនអំណោយផលយ៉ាងណាក្តី ក៏លោកឧកញ៉ា ទៀ វិចិត្រ បានសំរេចចិត្តភ្លាមៗដោយមិនទុកយូរនោះទេធ្វើម៉េចអោយតែសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងអោយខាងតែបាន ។

ជាមួយនឹងសកម្មភាពសប្បុរសធម៌ដ៏ល្អរបស់លោក ឧកញ៉ា ទៀ វិចិត្រ នេះនៅតាមរយៈបណ្តាញសង្គមហ្វេសប៊ុក គេឃើញមហាជនទាំងក្នុងនិងក្រៅប្រទេសបានបួងសួងនិងជូនពរដល់លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងបុត្រធីតា សូមអោយមានសេចក្តីសុខ សេចក្តីចំរើន អាយុយ៉ឺនយូរ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច ដើម្បីបានបន្តធ្វើសកម្មភាពសប្បុរសធម៌ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋតទៅទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ៕   

Comments

comments