បរទេសស្គាល់កម្ពុជាតាមរយៈអង្គរវត្ត!

82


យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅថ្ងៃម្សិលមិញនេះថា ពេលនេះកម្ពុជាកំពុងក្លាយជាចំណុចក្តៅរបស់ទេសចរពិភពលោក ជាពិសេសអង្គរវត្ត អច្ឆរិយៈតែមួយគ្មានពីរលើលោក។ កាលពីប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម អង្គរវត្តនិងប្រាសាទរាប់ពាន់ទៀត ត្រូវបានបោះបង់ចោលដោយគ្មានការថែទាំ ហើយក៏គ្មានភ្ញៀវទេសចរណាហ៊ានមកទស្សនាអង្គរវត្តឡើយ។ សង្រ្គាម គឺធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើន។ សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា “ពេលនេះអង្គរវត្តដែលជាដួងព្រលឹងរបស់កម្ពុជានិងជាបេតិកភណ្ឌរបស់ពិភពលោក ត្រូវបានអភិរក្ស ថែរក្សាជួសជុលឡើងវិញ ហើយដែលកំពុងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ។ អង្គរវត្តដែលជាមរតកអច្ឆរិយៈរបស់ខ្មែរ មិនត្រឹមតែបានផ្ដល់ការងារជូនប្រជាពលរដ្ឋខ្មែរនោះទេប៉ុន្តែប្រាសាទដ៏ចំណាស់មួយនេះក៏បានផ្ដល់ការងារយ៉ាងច្រើនដល់ជនជាតិបរទេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្មានតម្លៃអ្វីស្មើនឹងតម្លៃសន្តិភាពឡើយ។ សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់ ដែលបានលិចកប់និងបាត់បង់បានងើបលូតលាស់ឡើងវិញ។ សន្តិភាពបានធ្វើឱ្យអង្គរវត្តបង្ហាញនូវស្នាមញញឹមដល់ទេសចរគ្រប់ទិសទី។ យើងរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអង្គរវត្តកាន់តែមានឱកាសស្វាគមន៍ភ្ញៀវទេសចរ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់កម្ពុជា៕

Comments

comments