ជំនឿខ្មែរដែលមានជាប់ទាក់ទងក្នុងជីវភាពរស់នៅជាមួយនឹងទូកតាំងពីសម័យមុនគ្រិស្ដសករាជ

1083

ការរស់នៅរបស់មនុស្សខ្មែរនៅតាមមាត់ទន្លេ ឬបឹងគេតែងប្រើទូកជាមធ្យោបាយចម្លងមនុស្សពីត្រើយម្ខាងទៅត្រើយម្ខាង។ ទាក់ទងជាមួយទូកនេះ បើតាមការសិក្សាស្រាវជ្រាវ ឃើញថាទូកនេះមានអត្ថន័យ និងកំណើតវែងឆ្ងាយណាស់ ហើយផ្នត់គំនិតខ្មែរដែលមានជាប់ទាក់ទងជាមួយជំនឿទៀតសោត ទូកក៏ដើរតួនាទីសំខាន់ណាស់ដែរសម្រាប់ធ្វើការភ្ជាប់ទំនាក់ទំនងរវាងពិភពមនុស្ស និងពិភពងងឹតដែលមានស្ថានខ្មោចជាដើម។

តាមការពន្យល់នៅក្នុងវចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួន ណាត បានពន្យល់ថា ទូកជាយានជំនិះសម្រាប់ឆ្លងទឹក។ តាមន័យនេះ ប្រជាជនខ្មែរតាំងពីសម័យមុនគ្រិស្ដករាជ បានស្គាល់ពាក្យថា ទូកនេះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរួចទៅហើយមុនពេលដែលខ្មែរបានទទួលអរិយធម៌ពីឥណ្ឌាមកម៉្លេះ។ អាស្រ័យដោយខ្មែរសម័យនោះ ទទួលផលពីកសិកម្ម នេសាទ និងប្រមាញ់។ ការនេសាទ ខ្មែរអាចធ្វើតាមរយៈការជិះទូកទៅនេសាទ ដែលមានប្រើឧបករណ៍ដូចជាសន្ទូច ការដាក់លប ឬជុចជាដើម។

នៅក្នុងសៀវភៅប្រវត្តិសាស្រ្តខ្មែររបស់លោក ត្រឹង ងា បានសរសេររៀបរាប់បញ្ជាក់យ៉ាងច្បាស់អំពីវប្បធម៌ខ្មែរដែលមានការរីកចម្រើនយ៉ាងសម្បើមគួរឲ្យមោទនភាព ។ ខ្មែរនៅសម័យមុនប្រវត្តិសាស្រ្ត មានជំនាញយ៉ាងពិសេសមួយគឺចេះធ្វើនាវាចរណ៍យ៉ាងស្ទាត់ជំនាញ។ អរិយធម៌មួយនេះ ត្រូវបានខ្មែរផ្សព្វផ្សាយរហូតទៅដល់កោះ Madagasca ហើយមានអ្នកប្រវត្តិវិទូខ្លះនិយាយថា រហូតដល់ប្រជុំកោះជប៉ុនថែមទៀត ។ ការដែលអ្នកប្រវត្តិវិទូអះអាងដូច្នេះ ព្រោះគេសម្អាងទៅលើប្រដាប់ប្រដាប្រើប្រាស់សម័យបុព្វប្រវត្តិសាស្រ្ត ដែលមានភាសា និងរបាំប្រពៃណី ពិសេសគឺមនុស្សខ្មែរសម័យនោះ ចេះទាញយកប្រយោជន៍ពីភាពឆ្លាស់គ្នានៃខ្យល់រដូវ។

ភស្ដុតាងជាសក្ខីភាពយ៉ាងជាក់ស្បាន់ដែលបានបន្សល់ជាប់រហូតមកដល់សព្វថ្ងៃនេះ លោកត្រឹង ងាបានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងសៀវភៅប្រវត្តិសាស្រ្តថា ខ្មែរមានបន្សល់ទុកកំពង់ផែយ៉ាងធំដែលមានជាប់ទាក់ជាមួយនាវាចារណ៍ គឺកំពង់ផែអូកែវ ជាកំពង់ផែដ៏ធំជាងគេនៅក្នុងសម័យហ្វូណន ស្ថិតនៅខាងត្បូងភ្នំបាថេ ខេត្តក្រមួន.ស។ នៅក្នុងកំណាយនោះ គេបានរកឃើញសំណល់ផ្សេងៗ ព្រមជាមួយបុរាណវត្ថុជាច្រើនទៀតមកពីចក្រភពរ៉ូម ខ្លះទៀតមកពីឥណ្ឌា វត្ថុមួយចំនួនជាវត្ថុដែលធ្វើឡើងក្នុងសម័័យយុគថ្មរំលីង។ ឈ្មោះភូមិសាស្រ្តមួយចំនួន ដែលបង្ហាញពីការធ្វើនាវាចរណ៍ដែរ ដូចជាភូមិកំពង់ខ្សាច់.ស ជាដើមដែលទីនោះ មានជាប់ទាក់ទងជាមួយប្រវត្តិសាស្រ្តទីក្រុងវ្យាធបុរ (បុរីនៃស្ដេចទាក់ដំរី) ។

នៅក្នុងប្រវត្តិព្រះរាជពិធីបុណ្យអុំទូករបស់ក្រុមជំនុំទំនៀមទម្លាប់លេខ ១៩.០០៤របស់លោក ថាច់-ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំង (វៀតណាមខាងត្បូង) មានចែងថា នៅសម័យលង្វែក (ព.ស. ២០៧១ គ.ស១៥២៨) ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញា តាត ងារជាស្និទ្ធភូបាលជាស្ដេចត្រាញ់នៅស្រុកបាសាក់។ ស្ដេចត្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុកដោយចែកទាហានជើងទឹក ចែកជា ៣ ក្រុមៈ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានរាងដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី ២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរ ដែលមានរាងដូចទូកចែវប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី ៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវមានក្ដោង ដែលមានរាងដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្ដួចវែង មានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង ។ល។ ជាទូកដាក់ស្បៀងអាហារ សម្រាប់កងទ័ព។ ទូកដែលប្រើនៅក្នុងព្រះរាជពិធីនេះ គឺក្នុងគោលបំណងរួមជាសំខាន់ ពោលគឺឧទ្ទិសដល់មហាវីរភាពនៃកងទ័ពខ្មែរសម័យអង្គរដ៏អង់អាចក្រោមការដឹកនាំរបស់ព្រះបាទជ័វវរ្ម័នទី៧ បានឡើងទៅវាយជាមួយចម្ប៉ាបានជ័យជម្នះយ៉ាងត្រចះត្រចង់។ ម្យ៉ាងវិញទៀត ទូកដែលបានប្រារព្ធនេះ ក៏ជាតំណាងនៃសារសុំអភ័យទោសដល់ព្រះនាងគង្គាដែលមនុស្សប្រើទឹក បរិភោគទឹក និងធ្វើឲ្យទឹកមានភាពមិនស្អាតល្អក់កករ។ មួយវិញទៀត ដើម្បីបូជាដល់ ព្រះពុទ្ធអង្គ ដែលបាន យាងទៅកាន់ស្ទឹងនេរញ្ជគីក្នុងប្រទេសឥណ្ឌា មុនពេលព្រះអង្គបានត្រាស់ដឹង។ចំណុចសំខាន់នៃពិធីនេះគឺ ដើម្បីឲ្យរោគភ័យផ្សេងៗអណ្តែតទៅតាមទឹក។ តាមរយៈនេះ ទូកមានសារសំខាន់ណាស់សម្រាប់ជាសារភ្ជាប់ទំនាក់ទំនង ឬបញ្ជូនអ្វីដែលមនុស្សត្រូវការទៅដល់ភពមួយដែលនៅឆ្ងាយនោះ។ នៅក្នុងពិធីមង្គលការ ក្នុង “បទបងអុំទូកទៅ” ដែលអាចារ្យតម្រូវឲ្យស្រ្តីម្នាក់ដែលកំណត់ថា ជាស្រ្តីដែលមិនបែកមែកបែកធាង និងត្រូវជាសាច់ញាតិសាមីខ្លួនផងនោះ អង្គុយចែវទូកពីឆ្វេងមកស្ដាំ ដោយចាប់អនុវត្តន៍ចាប់ពីក្បាលកន្ទេលរហូតដល់ចុងកន្ទេល តាមរបៀបប្រមូលម្លូស្លា បារី ថ្នាំជក់ នំនែកជាដើម។ ពិធីនេះមានឈ្មោះថា “អូសស្លា ឬ ស្លាអូស” បើតាមប្រសាសន៍របស់លោកយូ អាង ជាគណៈកម្មការអាចារ្យវត្តប្រាសាទ និងជាអាចារ្យមង្គលការខ្មែរ នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមានប្រសាសន៍ថា ពិធីនេះជាការបញ្ជាក់ប្រាប់សមីខ្លួនថា ពីពេលនេះទៅ គេនឹងក្លាយជាមនុស្សថ្មីដែលមានកំណាន់ជាគូគាប់តទៅហើយ។ និម្មិតកម្មនៃទូក គឺតំណាងសេចក្ដីសុខសុភមង្គល សេចក្ដីចម្រើន រុងរឿង។ ទូកនេះ នឹងនាំឲ្យកូនស្រី កូនប្រុសបាននូវការចម្រើន តកូនពូនចៅពីពេលនេះទៅ។  ក្នុងពីធីបុណ្យកឋិនទាន នៅត្រៃធំ និងលៀង គេឃើញមានសំពៅមួយនៅពីលើ។ សំពៅនេះ ក្នុងន័យជាទូកនោះ បញ្ជាក់សេចក្ដីដែលលោកយូ អាងបានពណ៌នាថា សំពៅនេះ តំណាងត្រៃលក្ខណ៍ ដែលមាន អនិច្ចំ រូបំ ទុក្ខំ អនតា ។ ពិសេស អត្ថន័យដ៏ចម្បងនោះ គឺតំណាងរូបផ្គំដែលបែកធ្លាយ គឺចតិ(អស់ជីវិត រលត់ខ័ន្ធទាំង៥ )  បដិសន្ធិ (ការចាប់កំណើតកើតហើយកើតទៀតនៅវាលវដ្ដសង្សារនេះមិនឈប់ឈរ)។ សំពៅ ឬទូកនេះមាននាទីនាំផល្លានិសង្ឃម្ចាស់ដើមបុណ្យទៅកាន់ឋានសុខ ហើយជានិច្ចសំពៅនេះ ដើរតួជាស្ពានបុណ្យផងដែរ។ នៅក្នុងពិធីបុណ្យភ្ជុំបិណ្យ នៅថ្ងៃបញ្ចប់គេតែងរៀបចំទូកដែលមានផ្ទុកដូចជាស្រូវ អង្ករ ពោត សណ្ដែក ល្ង នំនែកបង្អែម ចម្អាបជាដើម។ ទូកនៅទីនេះ តាមជំនឿដែលបានសិក្សាទៅលើប្រជាជនខ្មែរច្រើនតំបន់គេជឿថា ទូកនេះ នឹងនាំភស្ដុភាជូនដំណើរទៅដូនតាដល់ស្ថានដ៏ប្រសើររបស់លោកវិញ្។ ដូច្នេះ  ហើយទើបតម្រូវឲ្យធ្វើពិធីនេះបានត្រឹមត្រូវណាស់។ អ្នកស្រុកជិតទន្លេ គេរៀបពិធីនេះបណ្ដែតតាមខ្សែទឹកទន្លេតែម្ដង។ អ្នកស្រុកដែលគ្មានទន្លេ គេបណ្ដែតទូកនេះនៅស្រះវត្ត ទើបសូត្រមន្ដបង្សុកូលបញ្ជូនឧទ្ទិផលជាកិច្ចបញ្ចប់នៃពិធីបុណ្យ។ នៅក្នុងសៀវភៅអរិយធម៌ខ្មែរ របស់លោកត្រឹង ងា ក៏ដូចជាសៀវភៅទំនៀមទម្លាប់ខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ បាននិយាយអំពីការធ្វើពែដើម្បីបញ្ជូនទៅដល់ខ្មោចព្រាយបិសាច។ ពែ ឬកន្ទោងដែលធ្វើឡើងសម្រាប់ដាក់សំណែនបញ្ជូនចំណីអាហារទៅដល់ខ្មោចព្រាយបិសាចនោះ គឺចេញមកពីទូកនេះឯង។ ទូកដែលបានដាក់ប្រដាប់ប្រដាភស្ដុភា ដើម្បីជាការលួងលោមដល់ខ្មោចព្រាយបិសាច។ គេមិនអាចសែនសំណែនទាំងនេះដោយប្រើថាស់ ឬអ្វីក្រៅពីពែដែលធ្វើពីធាងចេកបានឡើយ។ ពែ ឬកន្ទោងនេះ ក្លាយមកពីទូកនេះឯង។ នៅនាទីនេះ ពែ ឬទូកមាននាទីជាទូតសម្រាប់ធ្វើការចរចាជាមួយខ្មោចព្រាយបិសាចនោះ។ បើខ្មោចព្រាយបិសាចទទួលសំណែននេះហើយ តាមជំនឿរបស់អ្នកស្រុកថា នឹងធ្វើឲ្យអ្នកជំងឺជាសះស្បើយ។    នៅក្នុងបទចម្រៀងប្រជាប្រិយខ្មែរ ដែលមានជាប់ទាក់ទងជាមួយដំណើរជើងទឹក គេតែងតែលើកយកទូកមកធ្វើជាទំនុកឬការសម្ដែងកាយវិការដោយការជិះទូកតាមដងព្រែក។ ទូកនៅពេលនេះ បានធ្វើឲ្យសកម្មភាពនៃរឿង ឬបទចម្រៀងមានសភាពរស់រវើក និងជំរុញផ្ទាំងរឿងឲ្យរិតតែមានមនោសញ្ចេតនាបានស៊ីជម្រៅទៀត។  សរុបសេចក្ដីមក ទូកគឺជាសមិទ្ធផលនៃមនុស្សខ្មែរ តាំងពីសម័យបុរេប្រវត្តិសាស្រ្ត រហូតមកដល់សម័យបច្ចុប្បន្នហើយមានជាប់ទាក់ទងជាមួយជំនឿងរូបិយ និងសាសនាដែលបច្ចុប្បន្ន ជំនឿនេះត្រូវបានប្រជាជនខ្មែរទាំងនៅទីក្រុង ក៏ដូចជានៅជនបទតែងប្រកាន់ខ្ជាប់មិនមានបាត់បង់ ឬភ្លេចភ្លាំងឡើយ៕   ដោយ អៀង ពិសី

Comments

comments