ខ្លែងខ្មែរនិងដំណើរជីវិតដ៏វែងឆ្ងាយ

98


ការបង្ហោះខ្លែងដែលប្រជាជនខ្មែរ ពិសេសអ្នកនៅជនបទនិយមបង្ហោះនៅពេលមានខ្យល់ធ្លាក់មកពីទិសនិរតី និងទិសឦសាននោះ គឺមានប្រវត្តិដើមទងជាយូរយារណាស់មកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ ខ្លែងខ្មែរត្រូវបានចាត់ចូលជាមត៌កវប្បធម៌គ្មានរូបរាងមួយរបស់ប្រជាជនខ្មែរ។ ផ្អែកតាមការស្រាវជ្រាវរបស់ក្រសួងវប្បធម៌បានបង្ហាញថា ខ្លែងខ្មែរមានជីវិតប្រហែលជា៤០០ឆ្នាំមុនគ្រិស្ដសករាជ។ នេះបើតាមការអះអាងនៅក្នុងសៀវភៅប្រវត្តិសាស្រ្តខ្មែរ និងរឿងព្រេងបុរាណខ្មែរធនញ្ជ័យដែលបានយកខ្លែងទៅបង្ហោះនៅប្រទេសចិន ខណៈដែលព្រះចៅចិនបានចាប់ខ្លួនដាក់គុកសំរឹទ្ធ។

នៅក្នុងសៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់លោកត្រឹង ងាបានបង្ហាញថា ខ្លែងខ្មែរមានកំណើតយូរយារណាស់ ដែលការសិក្សាត្រូវបានចែកជាដំណាក់កាលដូចតទៅ ៖

-សម័យមុនគ្រិស្ដសករាជៈ ខ្លែងព្នងត្រូវបានបុព្វបុរសខ្មែរបង្កើតមុនគេសម្រាប់ការបង្ហោះនៅក្នុងរដូវច្រូតកាត់។ ដោយខ្មែរសម័យនោះមានជំនឿទៅអ្នកតា ទើបពិធីបង្ហោះខ្លែងរបស់ខ្មែរសម័យនេះ គឺធ្វើឡើងត្រូវបានចែកជាពីរដំណាក់កាល។ នៅដើមរដូវស្សា ដើម្បីសុំទឹកភ្លៀងឲ្យបានគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផល មានដូចជាស្រូវ ពោត សណ្ដែកជាដើម។ នៅរដូវច្រូតកាត់ ការបង្ហោះខ្លែង ដើម្បីដឹងគុណដល់អ្នកតាដែលបានបង្អុរភ្លៀងសម្រាប់ស្រោចស្រប់ដល់ដំណាំបានល្អ និងទទួលបានផលច្រើនសម្រាប់ចិញ្ចឹមជីវិត។

-សម័យនគរភ្នំ (សតវត្សរ៍ទី១ ដល់ទី៦) ជាសម័យដែលខ្មែរចេះចោះភ្នំធ្វើជាលំនៅដ្ឋាន ដែលមានភស្ដុតាងដូចជានៅភ្នំដា ខេត្តតាកែវ ភ្នំកំពង់ត្រាច ខេត្តកំពត។ ជាសម័យដែលខ្មែរមានគោរពបូជាលទ្ធិព្រហ្មញ្ញសាសនា តែការគោរពបូជាអ្នកតា ប្រជាជនខ្មែរនៅមានជំនឿមុតមាំនៅឡើយ។ ការបង្ហោះខ្លែងសម័យនេះ គឺដើម្បីជាដឹងគុណចំពោះអ្នកតា ព្រលឹងបុព្វបុរស និងព្រះពាយ។ អាស្រ័យសម័យនេះ ខ្មែរគោរពមាតាធិបតេយ្យ យកមេជាធំ ទើបខ្លែងព្នងត្រូវបានអ្នកស្រុកហៅថា ខ្លែងមេកូន។ មេគឺសំដៅទៅលើព្រះមហាក្សត្រីយានី ចំណែកកូនគឺសំដៅទៅលើប្រជារាស្រ្ត។

សម័យមុនអង្គរ ឬសម័យចេនឡា (សតវត្សតី៧ ទី៨ ) កាបង្ហោះខ្លែងនៅពេលនេះ គឹមានភាពល្អប្រសើរជាងមុន ព្រោះស្រុកទេសមានការរីកចម្រើនជាងសម័យមុន។

-សម័យអង្គរ (គ.ស ៨០២ គ.ស១៤៣១) យោងតាមឯកសាររបស់ជីវ តាក្វាន់បានបង្ហាញថា នៅសម័យនេះ ខ្មែរមានការរីកចម្រើនណាស់ ចំណែកការធ្វើស្រែខ្មែរធ្វើពី៣ ទៅ៤ដងក្នុងមួយឆ្នាំៗ។ ការបង្ហោះខ្លែងនៅសម័យនេះ ជាពិធីដែលខ្មែរប្រារព្ធធ្វើទាំងប្រជារាស្រ្ដ និងព្រះរាជា។ ជំនឿព្រហ្មញ្ញសាសនាដែលទាក់ទងជាមួយកសិកម្ម ព្រះមហាក្សត្រខ្មែរបានប្រារព្ធពិធីច្រត់ព្រះនង្គ័លដើមរដូវវស្សាដើម្បីគោរបទេវតាដី ។ លុះដល់ដើមរដូវប្រាំងគឺនៅខែកក្ដិកចាប់ប្រារព្ធពិធីបង្ហោះខ្លែងដើម្បីសំដែងដឹងគុណទៅដល់ព្រះពាយដែលបានបង្កអាកាសធាតុល្អសម្រាប់អ្នកស្រុកច្រូតកាត់។ នៅសម័យនេះ ខ្លែង ត្រូវបានគេចាត់ទុកជាវត្ថុសក្ការទាំងប្រជារាស្រ្ដ នាម៉ឺន និងព្រះរាជា។

ចាប់ពីខ្មែរមានការបែកបាក់គ្នានៅក្រោយសម័យអង្គរ វត្តមានខ្លែងក៏ត្រូវបានបាត់បង់ពីទឹកដីខ្មែរ ដែលត្រូវបានបច្ចាមិត្រលាបពណ៌ថាជាវត្ថុដែលមានឧបទ្រពចង្រៃ។ វត្តមាននៃខ្លែងក៏បាត់បង់ពីសន្ដានប្រជាជនខ្មែរតាំងពីពេលនោះមក។ រហូតមកដល់រជ្ជកាលព្រះបាទសត្ថាទី១ ( គ ស ១៥៧៦-១៥៩៥) ប្រជាជនខ្មែរក៏ចាប់រាប់អានលេងខ្លែងនេះវិញ តែមិនមានឯកសារថា ព្រះរាជាបានប្រារព្ធព្រះរាជពិធីបង្ហោះខ្លែងនេះនៅឡើយទេ។មកដល់រជ្ជកាលព្រះបាទស្រីសុរិយោពណ៌ ព្រះរាជពិធីបង្ហោះខ្លែងក៏ត្រូវបានរាប់អានឡើងវិញ តែត្រូវបានចាត់ចូលជាការគោរពបូជាចំពោះព្រះពុទ្ធសាសនាទៅវិញ។

-រជ្ជកាលព្រះបាទអង្គឌួង (១៨៤០-១៨៥៩) ការបង្ហោះខ្លែងដែលចាត់ចូលជាពិធីទាក់ទងជាមួយព្រះពុទ្ធសាសនានោះ ត្រូវបានព្រះអង្គប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១២កើត ដល់ថ្ងៃទី១៥កើត ខែមិគសិរនៅព្រះបរមរាជវាំង។ ក្នុងពិធីនេះ ព្រះអង្គបានចាត់ឲ្យសង់រោងចំនួន៥កន្លែង និងមាននិមន្ដព្រះសង្ឃសូត្រមន្ដដែរ។ ពិធីនេះត្រូវបានគេប្រារព្ធធ្វើដើម្បីឧទ្ទិសដល់ព្រះចូឡាមណីចេតិយដើម្បីបួងសួងសូមកុំឲ្យមានភ្លៀង ឬទឹកជំនន់ក្នុងឱកាសច្រូតកាត់ព្រមទាំងសុំសេចក្ដីសុខចម្រើន សន្ដិភាពសម្រាប់ប្រជារាស្រ្តទូទាំងនគរខ្មែរ។

ចាប់ពីពេលនោះមក វត្តមានខ្លែងក៏មិនសូវប្រារព្ធធ្វើទេ ព្រោះសង្គមត្រូវត្រួតត្រាដោយបារាំង តែប្រជាជនខ្មែរនៅតាមស្រុកស្រែចម្ការតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិសេសគឺនៅវត្តអារាមដែលគណៈកម្មការវត្តតែងប្រារព្ធពិធីនេះជានិច្ចកាល។បច្ចុប្បន្ន អាស្រ័យដោយលោក ស៊ឹម សារ៉ាក់អតីតអគ្គនាយកនៃនាយកដ្ឋានក្រសួងវប្បធម៌ និងជាអ្នកប្រមូលចងក្រង ពីប្រវត្តិនិងអត្ថន័យរបស់ខ្លែងបានថ្លែងថា ខ្លែងខ្មែរមានជាង២០ប្រភេទនិងមានគំនិតផ្ដួចផ្ដើម ប្រមូលអ្នក ដែលស្នេហាខ្លែងចំនួន២៧នាក់មកពីខេត្តចំនួន៩ទូទាំងប្រទេស ទើបក្រសួង បានប្រារព្ធធ្វើពិធីនេះចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤នៅមាត់ទន្លេបាសាក់ រហូតមកដល់សព្វថ្ងៃ។ ចំណែកខ្លែងឯកដែលល្បីឈ្មោះខាងសំនៀងពេលបង្ហោះឡើង ក៏ត្រូវបានយកទៅចូលរួមនៅក្នុងមហោស្រពខ្លែងអន្ដរជាតិជាច្រើនដងមកហើយដែលមានដូចជា នៅប្រទេសបារាំង អ៊ីតាលី អង់គ្លេស ឥណ្ឌា ម៉ាឡេស៊ី វៀតណាមជាដើម។នៅក្នុងពិធីនោះ ខ្លែងឯកខ្មែរបានទទួលការចាប់អារម្មណ៍ ពីសំណាក់បរទេស ជាខ្លាំង ដែលសបញ្ជាក់ឲ្យឃើញថា មាតុភូមិកម្ពុជាមានសន្ដិភាព និងសុភមង្គលសម្រាប់ប្រជាជនខ្មែរនៅទូទាំងប្រទេស ៕  ដោយ អៀង ពិសី

Comments

comments