សម្តេច ហ៊ុន សែន ប្រកាសទិញស្ពាន កោះកុង​ ជាកាដូថ្ងៃបុណ្យអំទូក…

47


(ខេត្តកោះកុង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនកាដូធំមួយទៀតសម្រាប់ជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយពំុចាំបាច់បង់ប្រាក់ទៀតឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស នៅលើទំព័រ Facebook របស់សម្ដេចនាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថា៖ ការធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ប្រាក់ នឹងធ្វើឡើយចាប់ពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះទៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បាន សម្រេចទិញយក ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែល វិនិយោគ ដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ ដោយ ពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ។

ចំពោះកិច្ចការដែលនៅសេសសល់ សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ សម្រេចនេះ ៕

Comments

comments