កំណើនភ្ញៀវទេសចរចិននាំមុខគេនៅកម្ពុជា!

161

(ភ្នំពេញ)៖ កំណើនភ្ញៀវទេសចរចិនដែលចូលមកទស្សនានៅកម្ពុជា មានជាង ៨៤១ ០០០ នាក់បានមកកើនឡើង ៤៥ ភាគរយបើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ដែលធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសនាំមុនគេខាងភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជានារយៈពេល៩ខែឆ្នាំ ២០១៧ នេះ។

លោក គង់ សុភារ័ក្ស ប្រធាននាយកដ្ឋានស្ថិតិនិងផែនការនៅក្រសួងទេសចរណ៍បានឲ្យដឹងថាទេសចរបរទេសមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៧ នេះបានកើនឡើងដល់ ៣,៩ លាននាក់ធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន ឬ កើនឡើង ១១,៥ ភាគរយ ហើយតាមការព្យាករនឹងទទួលបានទេសចរបរទេសសរុប ៥,៥ លាននាក់នៅចុងឆ្នាំនេះ។

លោកថា ភ្ញៀវទេសចរចិនមានជាង ៨៤១ ០០០ នាក់ បានមកទស្សនាកម្ពុជាកើនឡើង ៤៥ ភាគរយធៀបរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ដែលធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសនាំមុនគេខាងភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជា។

ចំណែកវត្តមាននៃការមកដល់របស់ភ្ញៀវទេសចរវៀតណាមមាន ៥៩៣ ០០០ នាក់បានធ្លាក់ចុះ ១៤,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការមកដល់ភ្ញៀវទេសចរតាមផ្លូវអាកាសបានកើនឡើងដល់២,៣៨លាននាក់ កើនឡើង២៥ភាគរយ និងមានចំណែក ៦០ ភាគរយ នៃការមកដល់របស់ភ្ញៀវទេសចរសរុប ហើយការមកដល់ភ្ញៀវទេសចរតាមផ្លូវគោក និងផ្លូវទឹកមានចំនួន១,៥លាននាក់ ធ្លាក់ចុះ៤,៥ភាគរយ ដែលមានចំណែក៣៩ភាគរយ។ នេះបើយោងតាមតួលេខ។

គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជារំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសសរុប៥,៥លាននាក់ត្រឹមចុងឆ្នាំនេះ ដែលនឹងកើនឡើង ៨ ភាគរយ ពីចំនួនសរុប ៥លាននាក់កាលពីឆ្នាំមុន ហើយទាក់ទាញភ្ញៀវបរទេស ៧លាននាក់ត្រឹមចុងឆ្នាំ ២០២០៕

Comments

comments