ទឹក​មើម​ឆៃថាវ​ក្រហម​មាន​ប្រសិទ្ធភាព​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម

456

 ​សុខភាព​៖​ក្រុម​អ្នកស្រាវជ្រាវ​អង់គ្លេស​បានឱ្យដឹងថា ពិសា​ទឹក​មើម​ឆៃថាវ​ក្រហម (Beetroot) រាល់ថ្ងៃ​អាចជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​។ ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​រកឃើញថា ទទួលទាន​ក្នុង​បរិមាណ​ប្រហែល​១​ពែង​អាច​នឹង​ធ្វើឱ្យ​សម្ពាធ​ឈាម​ចុះ​ដល់​៧​ភាគរយ​។​
​តាម​ការធ្វើ​តេស្ត ប្រសិទ្ធភាព​នេះ​បានមក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់ ។ ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​នីត្រាត​អាច​នាំឱ្យមាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាម ដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុកស៊ីសែន​នៅ​កន្លែង​ដែល​រាងកាយ​ខ្វះ ។​
Amrita Ahluwalia សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ University of London បាន​ថ្លែងថា យើង​ពិតជា​ភ្ញាក់ផ្អើល​ដែល​សារធាតុ​នីត្រាត​កម្រិត​តិចតួច​មាន​ប្រសិទ្ធភាព​យ៉ាង​ធំធេង​បែបនេះ ។ ក្តីសង្ឃឹម​របស់​យើង​គឺថា បង្កើន​ការទទួល​ទាន​បណ្តា​បន្លែ​ដែល​សម្បូរ​ដោយ​សារធាតុ​នីត្រាត​ដូចជា មើម​ឆៃថាវ​ក្រហម​នេះ​អាច​ផ្លាស់ប្តូរ​បែបបទ​រស់នៅ​ដែល​នឹង​ធ្វើឱ្យ​ល្អប្រសើរ​ដល់​សុខភាព​បេះដូង​។ ដោយឡែក ការផ្លាស់ប្តូរ​របៀបរ​បប​រស់នៅ​ដូចជា កាត់បន្ថយ​ការទទួល​ទាន​អាហារ​ប្រៃ​ខ្លាំង និង​គ្រឿង​ស្រវឹង ប៉ុន្តែ​បន្ថែម​ការហាត់​ប្រាណ​អាច​នឹង​រក្សា​សម្ពាធ​ឈាម​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​ធម្មតា ។​
​ចំណែក​ការសិក្សា​លើក​មុន​បាន​រកឃើញថា ឆៃថាវ​ក្រហម​ជួយ​បង្កើន​កម្លាំងកាយ​ចិត្ត ព្រមទាំង​ជួយ​ជំរុញ​ការផ្គត់ផ្គង់​ឈាម​ឱ្យចូល​ទៅដល់​ផ្នែក​សំខាន់ៗ​ក្នុង​ខួរក្បាល​ទៀតផង​៕

 

Comments

comments