បុណ្យសមុទ្រឆ្នាំនេះ សម្ដេចហ៊ុន សែន  ស្នើអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ

25


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យក្រសួង ស្ថាប័ន មន្ទីរ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាំបាច់រួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងអភិវឌ្ឍន៍វិស័យទេសចរណ៍ តំបន់ឆ្នេរកម្ពុជា ឲ្យមាននិរន្តរភាព ហើយឆ្នេរសមុទ្រកម្ពុជា ត្រូវតែជាឆ្នេរសមុទ្របៃតង ដែលស័ក្ដិសមជា សមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក និងរួមចំណែកទប់ស្កាត់ការកើនឡើង នៃកម្ដៅផែនដីមិនឲ្យលើសពី២អង្សាសេ ក្នុងទស្សវត្សទី២១ នេះ ។

តាមសារលិខិត របស់សម្ដេចតេជោដែលចេញកាលពីថ្ងៃទី04បានលើកឡើងក្នុងឱកាសកម្ពុជារៀបចំ បុណ្យសមុទ្រលើកទី៦ នៅខេត្តកែប នាថ្ងៃទី២២-២៤ខាងមុខនេះថា “ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន ចូលរួមឲ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យពិធីបុណ្យសមុទ្រ នៅឆ្នាំនេះប្រកបដោយជោគជ័យ” ។

ទន្ទឹម នឹងនេះដែរសម្ដេច ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរណ៍ជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋចូលរួមឲ្យកាន់តែសកម្មក្នុងចលនា ប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងសហការថែរក្សា សោភ័ណភាព អនាម័យ បរិស្ថាន ជាកត្តាចម្បង ដែលមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រ ស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់ កូនចៅជំនាន់ក្រោយ ។

សម្ដេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យសមុទ្រ នឹងក្លាយជាកាលានុវត្តភាព ដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែក ក្នុងការផ្ដល់ការបង្កើនការងារ ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថាន ធនធានធម្មជាតិពលរដ្ឋក្នុងតំបន់ឆ្នេរ ។

សម្ដេចសង្ឃឹមថា ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងចូលរួមចំណែកធ្វើឲ្យសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងស្មារតីស្រឡាញ់ជាតិ មាតុភូមិ សាមគ្គីភាព និងមិត្តភាព៕

Comments

comments