កម្ពុជា -ឆេក សន្យាពង្រឹងវិស័យសេដ្ឋកិច្ចដើម្បីនាំចេញ

174

កាលពីថ្ងៃម្សិលមិញ លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ និងលោក Marek Libricky ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានជួបពិភាក្សាគ្នានៅទីស្ដីការក្រសួង ដោយបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើកិច្ចការពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពង្រីកការដោះដូរពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ ព្រមទាំងបានផ្តល់សារៈសំខាន់ទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងការផលិតកែច្នៃដើម្បីនាំចេញ។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសំដែងការស្វាគមន៍ ដោយបានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ឆេក ដែលមានជាយូរយាមកហើយ។

19206590_200318200492152_894094873_n

ក្នុងនោះលោកក៏បានលើកឡើងពីសក្តានុពលរបស់ប្រទេសកម្ពុជា ដែលក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច និងបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ក្នុងតំបន់ និងពិភពលោក គឺបានទទួលភាពអនុគ្រោះពាណិជ្ជកម្មពីប្រទេសអភិវឌ្ឍន៍ និងប្រទេសជាដៃគូជាច្រើន ដែលអនុញ្ញាតឱ្យមុខទំនិញនាំចេញពីកម្ពុជារាប់ពាន់មុខដោយមិនជាប់ពន្ធ និងកូតា ដូចជា ទីផ្សារសហគមន៍អឺរុប អាមេរិក កាណាដា ចិន ជប៉ុន កូរ៉េ និងអូស្ត្រាលី ជាដើម។ ដោយឡែក ក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាជាចំណុចកណ្តាល ឬជាបេះដូងអាស៊ាន ដែលមានលក្ខណៈអំណោយផលទាំងភូមិសាស្ត្រ និងសេដ្ឋកិច្ច។ ទាក់ទងចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យភាគីឆេក ចាប់អារម្មណ៌លើការបណ្តាក់ទុនវិនិយោគដោយយកកម្ពុជាជាទីតាំងផលិតដើម្បីធ្វើការនាំចេញ និងពង្រីកការដោះដូរពាណិជ្ជកម្ម ពីព្រោះប្រទេសទាំងពីរ នៅមានជញ្ជីងពាណិជ្ជកម្មនាំចេញ នាំចូល ក្នុងកំរិតទាបនៅឡើយ។ លោក Marek Libricky ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា ក្នុងបេសកកម្មលើកទី១ នៅកម្ពុជា បានថ្លែង អំណរគុណចំពោះការលើកឡើងរបស់លោក ចម ប្រសិទ្ធ និងមើលឃើញពីសក្តានុពល និងលក្ខណៈអំណោយផលដ៏ប្រសើររបស់កម្ពុជា ហើយលោកបានសន្យាថានឹងធ្វើការផ្សព្វផ្សាយ ព្រមទាំងអំពាវនាវឱ្យអ្នកវិនិយោគរបស់ប្រទេសឆេក មកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ ជាចុងក្រោយ ដៃគូសន្ទនាទាំងពីរ បានឯកភាពដោយប្រើប្រាស់សភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដៃគូសេដ្ឋកិច្ច ដោយនឹងមានរៀបចំឱ្យមានសិក្ខាសាលាផ្គូរផ្គង រវាងធុរៈជន ឧស្សាហករ ពាណិជ្ជករ និងសហគ្រិន នៃប្រទេសទាំងពីរផងដែរ៕ ដោយ ដាវ៉ុន

Comments

comments