មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នឹងដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃស្អែក

150

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ម សំ នាយកខុទ្ទកាល័យនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងប្រាប់បណ្តាញព័ត៌មាន កំណត់ត្រា ឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នឹងដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើញុះញង់ឲ្យកងទ័ពផ្តួលរំលំរដ្ឋាភិបាល។

សូមជំរាបថា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល​ សារឿន បានថ្លែងនៅក្នុងសន្នីសិទកាសែតថា មេធាវីកងយោធពលខេមរភូមិន្ទ បានរៀបចំឯកសាររួចរាល់ហើយ និងគ្រោងនឹងដាក់ពាក្យប្តឹងទៅតុលាការនៅល្ងាចនេះ ឬថ្ងៃស្អែក ដើម្បីឱ្យតុលាការកាត់ទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ លោកថ្លែងថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ ហើយចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។

លោក ប៉ុល សារឿន បានអះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។

សូមបញ្ជាក់ថា ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន៕

 

Comments

comments