កំណាត់ផ្លូវជាតិលេខ៣ ប្រវែង១៥គម ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នឹងត្រូវជួសជុលអោយហើយបណ្តោះអាសន្នក្នុងរយៈពេល ១សប្តាហ៍

216

(កំពត)៖ កំណាត់ផ្លូវជាតិលេខ៣ ប្រវែង១៥គម ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នឹងត្រូវជួសជុលអោយហើយ បណ្តោះអាសន្នក្នុងរយៈពេល ១សប្តាហ៍ ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ខណៈពេលដែលលោកដឹកនាំមន្រ្តីក្រសួង រួមនឹងអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា ផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងប្រវែង១៥គមនេះ នឹងត្រូវជួសជុលឡើងវិញឱ្យរួចរាល់ក្នុងរយៈពេល១សប្តាហ៍ ដោយក្រុមហ៊ុន CRBC ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ នេះ។

លោកទេសរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើ និងអំពាវនាវទៅដល់ក្រុមហ៊ុនដឹកទំនិញទាំងអស់ សូមមេត្តាកុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះវានាំឱ្យខូចខាតផ្លូវ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលនាំខាតបង់ថវិកាជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិផងដែរ សូមឱ្យចូលរួមថែរក្សាទាំងអស់គ្នា និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ៕

Comments

comments