គណៈកម្មការ មូលបត្រកម្ពុជា ត្រៀមបង្កើតទីផ្សារ មូលបត្រអនាគតនៅកម្ពុជា

29


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ថា គណៈកម្មការមូលបត្រកម្ពុជា ក្រោមការដឹកនាំដោយទេសរដ្ឋមន្ត្រីក្រសួង ​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បាន​ចា​ប់ផ្តើមសិក្សាស្រាវជ្រាវ ពីលទ្ធភាពបង្កើតផ្សារមូលបត្រងនាគតនៅកម្ពុជា ដើម្បីចូលរួមជំរុញ និងគំាទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ក្នុងពិធី ចុះអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន ក្រុមហ៊ុនហ្គោលដែន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី កាលពីថ្ងៃទី ២០ ខែកក្កដា ថា៖«ដើម្បីចូលរួមជំរុញកំណើនវិស័យគន្លឹះទ្រទ្រង់ កំណើនសេដ្ឋកិច្ចតាមរយៈ ការអភិវឌ្ឍវិស័យមូលបត្រ គណៈកម្មការមូលបត្រកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា ក៏បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ ពីលទ្ធភាពនៃការបង្កើត ទីផ្សារមូលបត្រអនាគតនៅកម្ពុជា»។

លោកបន្តថា៖«ទន្ទឹមនិងការសម្លឹងឃើញ របស់គណៈកម្មការមូលបត្រកម្ពុជា ខ្ញុំសូមសំដែងនូវការកោតសរសើ ចំពោះក្រុមហ៊ុនហ្គោលដែន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលបានចូលរួមគាំទ្រគណៈកម្មការ មូលបត្រកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍទីផ្សារនេះ ឱ្យលេចចេញជារូបរាងឡើងនាពេលខាងមុខ»។

លោក អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាលើកឡើងដូច្នេះថា វត្តមានរបស់ទីផ្សារមូលបត្រអនាគត ពិតជាមានភាពចាំបាច់ណាស់សម្រាប់ប្រជាកសិករកម្ពុជា រាជរដ្ឋា​ភិបាល​កម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដូចជាផ្តល់ជាច្រកមួយសម្រាប់ប្រជាកសិករកម្ពុជាផ្សារភ្ជាប់ទៅនឹងទីផ្សារ ដែលអាចទទួលបាននូវព័ត៌មានពិតអំពីទីផ្សារ រួមមានតម្រូវការ និងយន្តការនៃការកំណត់ថ្លៃផលិតផលកសិកម្ម ប្រជាកសិករកម្ពុជានឹងក្លាយជាអ្នកកំណត់ថ្លៃផលិតផល ដែលពួកគាត់អាចដឹងអំពីតម្រូវការនៃគុណភាព និងស្តង់ដារ​នៃផលិត​ផលនៅក្នុងទីផ្សារ ដែលការណ៍នេះក៏នឹងជួយជំរុញនូវគុណភាពផលិតផលរបស់កម្ពុជាផងដែរ កាត់បន្ថយនូវថ្លៃប្រតិបត្តិការដែលរួមមានថ្លៃអន្តរការីជាដើម និងកាត់​បន្ថយ​នូវហានិភ័យនៃការធ្លាក់ថ្លៃនាពេលអនាគត តាមរយៈការចរចារ និងចុះកិច្ចសន្យាកំណត់ថ្លៃអនាគត ដែលទាំងនេះ នឹងជំរុញឱ្យមានប្រសិទ្ធភាពទីផ្សារ និងអាចលើក​កម្ពស់​កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

វត្តមាននៃទីផ្សារនេះ នឹងជួយទាក់ទាញនូវវិនិយោគិនបរទេស ភ្ជាប់ទីផ្សារកម្ពុជាទៅនឹងទីផ្សារពិភពលោក ដែលនឹងជួយឱ្យមានភាពប្រសើរឡើងក្នុវផ្នែកសមតុល្យពាណិជ្ជ-កម្មកម្ពុជា លើកកម្ពស់នូវវិស័យឧស្សាហកសិកម្មដែលអាចជំរុញបង្កើននូវផលិតផល និងផលិតកម្មក្នុងការផលិតក្នុងស្រុក និងសម្រាប់នាំចេញ ដែលទាំងនេះក៏នឹងជួយ​ដល់ការកាត់បន្ថយ​អត្រានិកម្មភាពនៅកម្ពុជាផងដែរ៕

Comments

comments