នារីម្នាក់ អុំទូកទៅយកមិត្តភក្ដិត្រឡប់ពីផឹក លិចទូកស្លាប់

93

ភ្នំពេញ៖ នារីម្នាក់បានអុំទូកទៅយកមិត្តភក្ដិដែលកំពុងផឹកស៊ីនៅកណ្ដាលកោះ ស្រាប់តែជួបនឹងគ្រោះអកុសល លង់ ត្រូវទឹករលកបោកលិចទូក នៅកណ្ដាលបឹង បណ្ដាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបឹងសំរោង ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ឡាយ ស្រីកា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់​ដូរ មានលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិព្រែកអាំង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលជួបនូវគ្រោះអកុសលនោះ យុវជនមួយក្រុមបាននាំគ្នាអុំទូកទៅផឹកស៊ី នៅកន្លែងចិញ្ចឹមត្រី។ លុះមកដល់វេលាខាងលើ ជនរងគ្រោះបានអុំទូកទៅយកមិត្តភក្ដិ ស្រាប់តែជួបនឹងគ្រោះអកុសល មានខ្យល់ខ្លាំង ធ្វើឲ្យទឹករលកធំៗបោកលិចទូក លង់ទឹកស្លាប់យ៉ាងអណោចអធ័មមួយរំពេច។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នាចុះទៅរាវរកសាកសព ហើយធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជួនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

Comments

comments