កាន់តែក្តៅហើយ!!! អភិបាលក្រុងព្រះសីហនុប្រកាសទិញឡានអាអ៊ិចកង់កៅស៊ូ១គ្រឿងទុកសម្រាប់កម្ទេច សំណង់ដែលសង់រំលោភលើដីចិញ្ចើមផ្លូវ ដីអូរ និងដីសាធារណៈ

3744

(ព្រះសីហនុ)៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានប្រកាសតាមបណ្តាញសង្គម Facebook ផ្លូវការរបស់លោកថា នឹងទិញឡានអាអ៊ិចកង់កៅស៊ូ ១គ្រឿង ទុកសម្រាប់បម្រើឲ្យការកម្ទេច សំណង់ណា ដែលសាងសង់រំលោភលើដីចិញ្ចើមផ្លូវ ដីអូរ និងដីសាធារណៈ នាយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ។

លោកអភិបាលក្រុងបានថ្លែងថា រាល់ថ្ងៃនេះរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរជំនាញចុះវាស់វែង ទប់ស្កាត់ការសាងសង់ថ្មីៗ រំលោភលើចិញ្ចើមផ្លូវសាធារណៈ ដីអូរ និងធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់សំណង់ឲ្យរុះរើ និងវាយកម្ទេចដោយខ្លួនឯង។

លោកអភិបាលក្រុងបានថ្លែងបន្តថា ករណីចុះធ្វើកំណត់ហេតុណែនាំ មិនក្រោម ២ដង នៅតែមិនព្រមរុះរើ និងវាយកម្ទេចដោយខ្លួនឯង រដ្ឋបាលក្រុង នឹងសហការជាមួយមន្ទីរជំនាញ ចុះទៅរុះរើ និងវាយកម្ទេចចោល ដូចមាននៅក្នុងរូបភាពខាងក្រោមនេះ។

រដ្ឋបាលក្រុងព្រះសីហនុ នឹងបន្តសហការជាមួយមន្ទីរជំនាញចុះវាស់វែង ទប់ស្កាត់ រុះរើ និងវាយកម្ទេចដូចភ្លៀងរលឹម ចំពោះសំណង់ធ្វើពីឥដ្ឋ គ្រោងដែក និងឈើ ដែលសាងសង់រំលោលើចិញ្ចើមផ្លូវសាធារណៈ និងអូរ។

** កន្លងមកការប្រើកំលាំងមនុស្ស ( ប្រជាការពារ ) ដើម្បីរុះរើ និងវាយកម្ទេចសំណង់ពិតជាលំបាក ដូច្នេះដើម្បីអនុវត្តការងារនេះ បានលឿន និងមានប្រសិទ្ធភាព រដ្ឋបាលក្រុងព្រះសីហនុ នឹងទិញឡានអាអ៊ិចកង់កៅស៊ូ ១គ្រឿង ទុកសម្រាប់បម្រើឲ្យការកម្ទេច សំណង់ណា ដែលសាងសង់រំលោភលើដីចិញ្ចើមផ្លូវ ដីអូរ និងដីសាធារណៈ ។

ជុំវិញការលើកឡើងរបស់លោកអភិបាលក្រុងព្រះសីហនុវ័យក្មេងរូបនេះ ត្រូវបានសាធារណៈជនសំដែងនូវការគាំទ្ររពេញទំហឹង និងកោតសសើរចំពោះចំណាត់ការលោកអភិបាលក្រុងវ័យក្មេងរូបនេះ ជាងនេះទៅទៀតប្រជាពលរដ្ឋស្នើអោយរដ្ឋបាលក្រុងព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតសុំស្នើអោយអាជ្ញាធរចុះកំទេចសំណង់រឹងរបស់ជនជាតិចិនដែលសាងសង់គ្មានច្បាប់ធ្វើអោយប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវផងដែរ ៕

Comments

comments