នោះដល់ករហើយ !!! កឺកឺអុកឡុកក្រុងព្រះសីហនុខ្លាំងពេក នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជូនឧត្តមសេនីយ៍ពីផ្កាយ៤ដល់សក្តិ៥ជាង១០រូបទៅជួយត្រូលសភាពការណ៍

2887

(ព្រះសីហនុ)៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានចេញលិខិតបង្កាប់ការចាត់បញ្ជូនក្រុមការងារ ដើម្បីចុះជួយដឹកនាំ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម នៅខេត្តព្រះសីហនុ ដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិប្រមាណ១១រូប ដោយចាប់ពីសក្តិ៥​រហូតដល់ផ្កាយ៤ និងពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ។

យោងតាមប្រការ២នៃលិខិតបង្កាប់ការនេះបានចែងថា៖ ក្រុមការងារមានភារកិច្ច ចុះពង្រឹងនៅខេត្តព្រះសីហនុ ដើម្បី៖

-ពិនិត្យ វាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ ដើម្បីស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ចេញវិធានការដឹកនាំស្របតាមការវិវឌ្ឍរីកចម្រើនថ្មី
-ពិនិត្យ ណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង និងស្របតាមគោលការណ៍ ផែនការ ទិសដៅនានា របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ចេញ

-តាមដានការអនុវត្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នើសុំការអនុញ្ញាតប្រើកម្លាំងអន្តរាគមន៍ ដោះស្រាយសភាពការណ៍ចាំបាច់មួយចំនួន ពីលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ

-ដឹកនាំប្រជុំបូកសរុប ដកពិសោធន៍ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ ប្រចាំឆមាស ឆ្នាំ និងតាមការចាំបាច់

-ធ្វើរបាយការណ៍បូកសរុបលទ្ធផល ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំមួយ ស្តីពីវត្តមានរបស់ជនជាតិចិន ដែលកំពុងកើនឡើង​កាន់តែ​ច្រើននៅខេត្តព្រះសីហនុ បាន​រក​ឃើញថា វត្តមានរបស់ជនជាតិចិន នៅខេត្តព្រះសីហនុ ផ្តល់ភាពវិជ្ជមានល្អ ចន្លោះពី ៨០ ទៅ ៩០ ភាគរយ។ នេះបើតាមលោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ។

បន្ទាប់ពីកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា “យើងបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិន នៅខេត្តព្រះសីហនុ។ ការវិនិយោគនេះ នាំមកនូវការរីកចម្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែអង្គប្រជុំ ក៏បានទទួលស្គាល់ថា ការវិនិយោគរបស់ចិន មានផលល្អផង និងផលអាក្រក់ផង។ តែផលល្អ មានប្រមាណពី ៨០ ទៅ ៩០ ភាគរយ”។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា “វត្តមានរបស់ចិន មានការកើនឡើងនូវការងារដល់ប្រជាពលរដ្ឋខ្មែរយើង និងទទួលបានប្រាក់ខែខ្ពស់ ហើយមានការកើនឡើងនូវប្រាក់ចំណូលរបស់រដ្ឋ តាមរយៈការប្រមូលពន្ធលើ​អាជីវកម្មនេះ ជាពិសេសយើងឃើញមានការកើនឡើងនូវសំណង់អាគារខ្ពស់ៗ នៅទីក្រុងព្រះសីហនុ ដែលធ្វើ​ឲ្យ​កម្មករសំណង់របស់យើង សម្បូរ​ការងារធ្វើ និងបានប្រាក់កម្រៃខ្ពស់”។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានបញ្ជាក់អំពីបញ្ហានៃការវិនិយោគរបស់ជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ។

តាមឯកសារនោះ លោក យន្ត មីន បញ្ជាក់ថា កំណើនជនជាតិចិន ក្នុងខេត្តព្រះសីហនុ កំពុងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន ដូចជា បង្កឱកាសដល់ជនជាតិចិន ជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខ និងចាប់ជំរិតអ្នកវិនិយោគ។ ជនជាតិចិនមួយចំនួន គេច​មិនព្រមបំពេញបែបបទតាមនីតិវិធី ខ្លះបើកបរដោយគ្មានច្បាប់អនុញ្ញាត ខ្លះផឹកស៊ី ឡូឡា និងវាយតប់គ្នាតាមទីសាធារណៈ។ ចំណែកស្លាកយីហោហាង សណ្ឋាគារ កាស៊ីណូ និងការដ្ឋានខ្លះ សរសេរអក្សរបរទេសសុទ្ធ ឬសរសេរអក្សរខ្មែរ តូចជាងអក្សរបរទេស ជាដើម។

តាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានវត្តមានជនជាតិចិន សរុបជិត ៤៥០០នាក់។ ខេត្តនេះ មានកាស៊ីណូចុះបញ្ជីស្របច្បាប់សរុបចំនួន ២៤កាស៊ីណូ ហើយភាគច្រើននៃកាស៊ីណូទាំងនេះ ប្រតិបត្តិ ឬវិនិយោគ ដោយវិនិយោគិនជនជាតិចិន ។

ផ្តើមចេញពីបញ្ហានេះនៅអំឡុងពេលប្រជុំកាលពីដើមឆ្នាំ២០១៨នេះសម្តេចក្រឡាហោម ស ខេង បានឲ្យក្រសួងទាំងអស់ ដែលចូលរួមប្រជុំ ទទួលយកកិច្ចការងារហ្នឹង ដើម្បីចុះទៅពិនិត្យមើលឡើងវិញថែមទៀត និងអនុវត្តឲ្យមានត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន ។ ឧទាហរណ៍ ក្រសួងបរិស្ថាន គាត់ត្រូវមើលបរិស្ថាន តើការសាងសង់សណ្ឋាគារហ្នឹង មានបង្ហូរទឹកស្អុយចូលសមុទ្រឬអត់? ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិនិត្យ តើការសាងសង់នេះ មានប្លង់មេហើយឬនៅ?។ អីចឹង ក្រសួងនីមួយៗ ត្រូវទទួលយកនូវការងាររបស់ខ្លួន ដើម្បីចុះពិនិត្យមើល តាមតួនាទីភារកិច្ច ដែលច្បាប់បានកំណត់ថា ក្រសួងណា ធ្វើអី យើងធ្វើកិច្ចការងារនេះ ឲ្យត្រូវតាមច្បាប់” ៕

 

Comments

comments