កាកបាទក្រហមខេត្តសៀមរាបប្រគល់ផ្ទះមនុស្សធម៌ទី២០ជូនគ្រួសារទីទ័លក្រ

149

កាលពីព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៧ផ្ទះមនុស្សធម៌ទី២០ របស់សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារអ្នកមីង គ្លីន ហឿ  អាយុ ៦០ឆ្នាំ ជាស្ត្រីមេម៉ាយ ទីទ័លក្រខ្លាំង មានកូនស្រី៣នាក់ ចំណែកប្តីទៅធ្វើការនៅ ប្រទេសថៃ ហើយទទួលបន្ទុកថែទាំចៅប្រុសស្រីចំនួន៤នាក់ ដោយរស់នៅអាស្រ័យដោយការផ្គត់ផ្គង់ពីបងប្អូនជិតខាងក្នុង ភូមិ  និង ស្នាក់នៅជាមួយបងប្អូន នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានធ្វើការប្រគល់ទទួល ក្រោមវត្តរបស់លោកជំទាវ យូ សុភា  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះអនុគណស្រុក លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង អនុសាខាកាកបាទក្រហមស្រុក ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា បន្ថែមទៀតផងដែរ។

ផ្ទះមនុស្សធម៌ទី២០ នេះ មានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៦០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ  ជញ្ជាំងក្ដារ ជាអំណោយរបស់សាខាកាកបាទក្រហមខេត្តសៀមរាប រួមជាមួយអំណោយសង្កត់ផ្ទះរួម មានអង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល ក្នុងនោះព្រះតេជគណ សូម សាម៉ន ព្រះអនុគណស្រុក បានប្រទាននូវសម្ភារៈបរិក្ខាមួយចំនួនធំផងដែរ ។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញ ចូលរួមពិធី ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ ។

លោកជំទាវ យូ សុភា ក៏បានបន្តថា សូមអ្នកមីង និង ចៅ កុំអស់សង្ឃឹម ចំពោះវាសនារបស់ខ្លួន ទោះបីមានភាពជរាក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលអ្នកមីនិងចៅៗឡើយ  ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន ។ ​ក្នុងនោះដែរលោកជំទាវ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងរដូវវស្សានេះ នៅពេលមានភ្លៀង ផ្គរន្ទះ ខ្យល់កន្ទ្រាក់ មិនត្រូវប្រើប្រាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូនិចឡើយ  ដែលបង្កឲ្យគ្រោះថា្នក់ និង នៅពេលមានប្រធានសក្ត័ណាមួយកើតឡើង គឺត្រូវរត់ទៅរកទីទួលសុវត្ថិភាព និង ត្រូវចេះធ្វើការថែទាំសុខភាព និង កូនតូចៗរបស់ខ្លួន នៅពេលមានជម្ងឺត្រូវបញ្ជូនកូនទៅកាន់មណ្ឌលសុខភាព និង ជម្រុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រ ។ ម៉្យាងទៀតសូមបងប្អូនរួសរាន់ ក្នុងការងារបង្ករបង្កើនផល ឲ្យបានទាន់រដូវ ដោយបច្ចុប្បន្ននេះភ្លៀងបានធ្លាក់ជោគជាំហើយ ព្រមទាំងត្រូវធ្វើការដាំដុះដំណាំរួមផំ្ស ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ៕ 

Comments

comments