លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោមពន្លឺនៃសន្តិភាព ក្នុងរយៈពេលជិតពីរទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយមោទនភាពបំផុតជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច។នេះបើតាមប្រសាសន៍របស់សម្តេចថ្លែងនៅក្នុងឱកាសខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនា ឆ្នាំ២០១៧)នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងការបែងចែកផ្លែផ្កានៃកំណើននេះប្រកបដោយសមធម៌ ភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរស់នៅរបស់ប្រជាជនជាទូទៅត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងៗ។ កម្ពុជា បានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួនឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនយើងកំពុងរស់នៅលើមាតុភូមិរបស់ខ្លួនដែលមានសន្តិភាពពេញលេញ មានភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាជននៅទូទាំងប្រទេស មានកាតព្វកិច្ចបន្តថែរក្សាការពារយ៉ាងដាច់ខាតនូវរាល់សមិទ្ធផលនៃសង្គមជាតិឱ្យគង់វង្សស្ថិតស្ថេរ និងរីកចម្រើនបន្តទៀត ដោយមិនអនុញាតឱ្យកម្លាំងនយោបាយ ឬមជ្ឈដ្ឋានអមិត្តណាមកបំផ្លិចបំផ្លាញទៅវិញបានឡើយ៕
ព័ត៌មានជាតិ សម្តេច ហ៊ុន ស...