លោក ហ្ស៊ីធីង យ៉ាន់ (Zhiting Yang) ប្រធានសភាពាណិជ្ជកម្មខេត្តសានទុង បានឱ្យដឹងថា សាធារណរដ្ឋប្រជាមានិតចិន មានបំណងមកវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា នេះជាការលើកឡើងរបស់លោកនៅក្នុងឱកាសដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ នៅទីសី្តការក្រសួង ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។ លោក ហ្ស៊ីធីង យ៉ាន់ (Zhiting Yang) បន្តថាក្រុមវិនិយោគរបស់លោក គឺមកពីក្រុមហ៊ុនផលិតឱសថ ក្រុមហ៊ុនផលិតបរិក្ខាពេទ្យ និងក្រុមហ៊ុនសាងសង់ និងឌីហ្សាញ ធំក្នុងខេត្តសានទុងដូចនេះហើយទៅថ្ងៃខាងមុខមានបំណងចង់មកវិនិយោគលើវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានស្វាគមន៍ចំពោះការវិនិយោគរបស់ចិន លើវិស័យសុខាភិបាលកម្ពុជា។ លោក ម៉ម ប៊ុនហេង ក៏បានស្នើឲ្យដល់វិនិយោគចិន មានគម្រោងវិនិយោគ ត្រូវមានមានលក្ខណៈ សម្បត្តិ៣ចំនុចសំខាន់រួមមាន
១-មន្ទីរធំស្របតាមលក្ខណៈស្តង់ដារអន្តរជាតិ
២-ឱសថ និងឱសថបុរាណ
៣-សម្ភារៈបរិក្ខារពេទ្យ ប៉ុន្តែរាល់ការវិនិយោគខាងលើត្រូវសុំការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។លោករដ្ឋមន្ត្រី បន្ថែមថា កន្លងមក ក្រសួងសុខាភិបាល មានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះចិនបានផ្តល់ជំនួយជាច្រើនដល់ក្រសួង រួមមានរថយន្តសង្គ្រោះចំនួន២០០គ្រឿង និងម៉ាស៊ីនឆ្លុះអេកូសាស្ត្រ ចំនួន២០០គ្រឿង ព្រមទាំងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀត សម្រាប់បម្រើដល់វិស័យសុខាភិបាល ៕