បច្ចុប្បន្ននេះកំណើននៃការដាំឈូករបស់កសិករច្រើនជាងឆ្នាំមុនៗលើសតម្រូវការធ្វើឲ្យតម្លៃគ្រាប់ឈូកធ្លាក់ចុះយ៉ាងគំហុកតាំងពី១គីឡូក្រាម១០ ០០០រៀលមកនៅត្រឹម៣០០០រៀលជាហេតុនាំឲ្យកសិករអ្នកដាំខាតបង់ក្នុងការចំណាយ។អ្នកស្ដ្រី អ៊ំ ឡូ អាយុ៥៦ឆ្នាំមានទីលំនៅភូមិពោធិ៍សាបាងឃុំរាប ស្រុកពារាំងខេត្តព្រៃវែងបានត្អូញត្អែថាឆ្នាំនេះគាត់ដាំឈូកខាតច្រើនណាស់ចំណាយដើមអស់១០លានរៀលហើយទឹមបានផល១លានរៀលទេ។ អ្នកស្រីបន្តថា គាត់បានដាំឈូកចំនួន៣ហិកតានិងបានចំណាយលើកូនឈូកដែលយកមកដាំចំនួន១៥០០០កូនដែលក្នុងមួយកូនតម្លៃ២០០រៀល។ក្នុងនោះថ្លៃជួលដីគេធ្វើក្នុង១ហិកតា៧០ម៉ឺនរៀលនិងប្រើជីអស់១៥បាវក្នុងមួយបាវ១២ម៉ឺនរៀលណា ទិញម៉ាស៊ីនសម្រាប់បូមទឹក បោះអណ្ដូងទឹកអស់ជាងមួយលានរៀលទៀត។ ពោលគឺគ្រាប់ឈូកលក់បានតម្លៃ១គីឡូចាប់ពី៥០០០រៀលទៅ១០ ០០០រៀលទើបចំណេញ។ ពីព្រោះយើងដាំដំបូងជួបបញ្ហាគួទករលួយងាប់ដើមទឹមផុតជម្ងឺនៅខែមេសាដល់ខែមិថុនានេះទេ។ ដល់បានផលមកហើយលក់បានតម្លៃថោកគឺក្នុង១គីឡូក្រាម៣០០០រៀលដោយកាលឆ្នាំមុនៗ១គីឡូក្រាមតម្លៃ១០ ០០០រៀលឯណោះទាំងនេះធ្វើឲ្យជីវភាពគ្រួសារគាត់ថយចុះ។អ្នកស្រី វី ដែលមានទីលំនៅភូមិទ្រាឃុំកញ្ចំស្រុកពារាំង ខេត្តព្រៃវែង។បានលើកឡើងថាកាលឆ្នាំមុនគាត់ដាំឈូកលើផ្ទៃដីតែ១ហិកតាទេតែដល់ឆ្នាំនេះគាត់ដាំឈូកដល់ទៅ៦ហិកតា។ គាត់បន្តថាចង់ងាប់ហើយសព្វថ្ងៃនេះយ៉ាប់មែនណាខ្វះទន់ចងការលុយ ធនាគា ជាង៦០០០ដុល្លារ។ ដើម្បីយកមកដាំឈូកក្រែងវាចំណេញគ្រាន់នឹងបានសងគេហើយសល់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់។ តែពេលនេះចប់និយាយលែងចេញព្រោះថាឈូកបន្តចុះតាំងពី១គីឡូក្រាម១០ ០០០រៀលមកនៅត្រឹម៣០០០រៀលធ្វើឲ្យគាត់ខាតបង់ក្នុងការចំណាយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការដាំឈូកគឺចំណាយច្រើនជាងស្រូវដល់ទៅ៤ដង។
បើយើងដាំឈូកទៅស្រួលមិនប៉ះជំងឺរយៈពេល ចាប់ពី៩០ថ្ងៃទៅ១២០ថ្ងៃគឺអាចទទួលផលបានហើយ។ តែបើដាំទៅប៉ះជម្ងឺទាល់តែ១៥០ថ្ងៃទៅ២០០ថ្ងៃទើបយើងអាចទទួលផលបានតែបើឈូកថោកយ៉ាងនេះយ៉ាប់ហើយ។
ព្រោះតែឈូកធ្លាក់ថ្លៃបែបនេះទើបកសិករអ្នកដាំឈូកទាំងអស់សុំឲ្យរដ្ឋាភិបាលជាពិសេសគឺក្រសួងពាណិជ្ជកម្មជួយរកទីផ្សារក្នុងការនាំចេញឈូកទៅក្រៅប្រទេសឲ្យបានទៀងទាត់ដើម្បីឲ្យតម្លៃឈូករក្សាលំនឹងនៅត្រឹម៧០០០រៀលក្នុង១គីឡូក្រាមទើបពួកគាត់មានសង្ឃឹមក្នុងការដាំដុះដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។លោក យ៉ឺត ភារ៉ា ដែលជាឈ្មួញកណ្ដាលដើរទិញឈូកបានឲ្យដឹងថា ឈូកធ្លាក់ថ្លៃចុះដល់ខ្ទង់៣០០០រៀលក្នុង១គីឡូក្រាមនេះគឺពិតជាធ្វើឲ្យអ្នកដាំជួបការលំបាកមែន។ លោកបន្តថា តម្លៃវាទាបបែបនេះមកពីថៃកែធំគេទិញថោកដែរ។លោក នង សំហឿង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានឲ្យដឹងកាលពីពេលកន្លងមក ថា មូលហេតុដែលបណ្ដាលឲ្យឈូកធ្លាក់ថ្លៃបែបនេះគឺដោយសារកំណើននៃការផលិតរបស់កសិករយើងកើនឡើងទ្វេដង១ជា៤បើធៀបឆ្នាំមុនៗគឺលើសតម្រូវការ។ លោកបន្តថាកាលឆ្នាំមុនៗកសិករដាំឈូកតែដីបឹងត្រពាំងអូស្ទឹង តែឥឡូវដីស្រែដែលធ្លាប់តែធ្វើស្រូវក៏ដាំឈូកអស់ដែរ។ ហើយប្រទេសថៃមិនសូវទិញឈូកយើងឡើយតែបានវៀតណាមគេជាអ្នកទិញតិចទួចដោយប្រទេសគេក៏មានដាំឈូកដូចយើងដែរ៕