នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃម្សិលមិញនេះ នាយកដ្ឋានគ្រប់គ្រងគុណ ភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាន សហការជាមួយមជ្ឈមណ្ឌល សហប្រតិបត្តិការបរិស្ថាន អាស៊ាន-ចិន នៃក្រសួងការពារបរិស្ថាន សាធារណៈរដ្ឋប្រជាមានិត ចិន បានរៀបចំសិក្ខាសាលាស្តីពី«ការអនុវត្តន៍ ការគ្រប់គ្រងបរិស្ថានទឹក» ដែលមានការចូល រួមជាអធិបតីដោយ ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងលោក SHI Feng តំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានអាស៊ាន-ចិន នៃក្រសួងការពារបរិស្ថាន សាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។គោលបំណងនៃសិក្ខាសាលា គឺដើម្បីសិក្សា និងជំរុញកិច្ចគាំពារបរិស្ថាន ក្នុងការទប់ស្កាត់ ប្រភពបុះពុលទឹក ដី និងបរិយាកាស តាមដានគុណភាពទឹកសាធារណៈ រួមទាំងបង្កើនកិច្ច សហប្រតិបត្តិការជាមួយដៃគូ ក្នុងការបង្កើតមធ្យោបាយសំអាតទឹក និងចំរោះទឹកកខ្វក់ ។ជាមួយគ្នានោះ ឯកឧត្តម ហេង ណារ៉េត បានឱ្យដឹងថា ការអនុវត្តន៍ ការងារគ្រប់គ្រងបរិស្ថានទឹកមានសារៈសំខាន់ ដែលបច្ចុប្បន្ន ក្រសួងបរិស្ថានបានកំពុងធ្វើការយ៉ាងសកម្ម ដោយបានបង្កើតក្រុមការងារក្នុងការពិនិត្យតាមដានពីគុណភាពទឹក ដើម្បីទទួល បានសុខមាលភាព និងបរិស្ថានល្អ ក៏ដូចជាការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សចម្រុះ ការប្រើប្រាស់ធនធានឲធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព។ ជាមួយគ្នានោះ ឯកឧត្តម បានបន្តថា ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៤ គឺការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សចម្រុះ និងការរស់នៅដោយចីរភាពមកធ្វើជាមូលដ្ឋានគ្រឹះ ក្នុងការរៀបចំគោលនយោបាយ និងផែនការ សំដៅធានាឱ្យបាននូវ តុល្យភាពរវាង «ការអភិរក្ស និងការអភិវឌ្ឍន៍» ដែលស្របតាមផែនការអភិវឌ្ឍន៍ជាតិ៕