គយ និងរដ្ឋាករកម្ពុជា ប្រមូលបានចំណូល ២,៥០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨

204

ភ្នំពេញ: ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងអំពីចំណូលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឆ្នាំ២០១៨ រកចំណូលពីពន្ធនៃការនាំចូលទំនិញបានជាង ១០ទ្រីលានរៀល ស្មើនឹងប្រមាណ ២,៥០០លានដុល្លារអាមេរិក​​ នៅថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើប្រៀបធៀបនឹងឆ្នាំ២០១៧ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មានកំណើនជាង ១៨%, អាករពិសេសកើន ៤២.៤% និងអាករលើតម្លៃបន្ថែម (VAT)កើន ៣០.៧%។ នេះបើតាមការបញ្ជាក់របស់លោកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ហើយលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំសម្រាប់អនុវត្តនាឆ្នាំ២០១៩ ដោយសង្កត់ធ្ងន់ទៅលើ ០៩ចំណុចសំខាន់ដូចខាងក្រោមផងដែរ ៖

១.ត្រូវបន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម ៥ប្រការ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

២. ជំរុញលើកកម្ពស់អនុលោមភាពវិស័យឯកជនតាមរយៈអនុវត្តឲ្យបានហ្មត់ចត់នូវក្រមសីលធម៌ជើងសាគយ និងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ ប៉ុន្តែដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនដែលរំលោភបំពានច្បាប់។

៣. ត្រូវផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកាត់បន្ថយនិងធ្វើសាមញ្ញកម្មនីតិវិធីគយ តាមរយៈការធ្វើវិមជ្ឈការ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។

៤. ត្រូវបន្តពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដោយត្រូវស្ដាប់កង្វល់ និងបញ្ហាប្រឈម និងប្រឹងប្រែងរកដំណោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៥. លើកកម្ពស់វប្បធម៌អនុលោមភាព និងវប្បធម៌សារពើពន្ធ តាមរយៈការជំរុញឲ្យមានអនុលោមភាពដោយស្ម័គ្រចិត្ត ទន្ទឹមគ្នានឹងការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធគ្រប់ប្រភេទនៅគ្រប់ភូមិសាស្រ្តនៃដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានជាប្រចាំដូចភ្លៀងរលឹម។

៦. ត្រូវបន្តពង្រឹងការងារបច្ចេកទេសគយ ការងារគោលនយោបាយពន្ធអាករគយ និងបន្តធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា ការវាយតម្លៃផលប៉ះពាល់លើចំណូល ការកែលម្អសេវាដោយរួសរាយរាក់ទាក់ ប៉ុន្តែហ្មឺងម៉ាត់ដាច់ខាតក្នុងការអនុវត្តច្បាប់។

៧. ត្រូវជំរុញបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រជំរុញការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដែលឯកសារទាំង២នេះមានសារៈសំខាន់ និងជាផ្នែកមិនអាចខ្វះបាននៃកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ។

៨. ត្រូវពិនិត្យ និងកែសម្រួលឡើងវិញនូវអនុក្រឹត្យស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងអនុក្រឹត្យស្ដីពីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងត្រូវចាត់វិធានការ សំដៅពង្រឹងតួនាទីនិងភារកិច្ចទទួលខុសត្រូវ ក្នុងបរិបទនៃការធ្វើកំណែទម្រង់ស្ថាប័ន។

៩. ត្រូវអនុវត្តប្រកាសស្ដីពីកម្រៃសេវាផ្សេងៗរបស់គយ និង ការកាត់បន្ថយកម្រៃស្កែន ៥០% ចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៩នេះតទៅ។

ក្នុងឱកាសនោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបំពាក់គ្រឿងឥស្សរិយយស និងបណ្ណសរសើរជូនដល់មន្ត្រីគយ និងរដ្ឋាករមានស្នាដៃមួយចំនួនផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងបំពេញការងារជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា៕

Comments

comments