ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹក ត្រូវបានប្រភពមួយសុំមិនបញ្ចេញឈ្មោះបានផ្តល់មកឱ្យសារព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញនូវស្ត្រីដើមកំណើតខ្មែររស់នៅសហរដ្ឋអាមេរិកមួយក្រុមកំពុងធ្វើឱ្យខូចតម្លៃនៃអប្សារារបស់ខ្មែរ។
បើទោះបីជាពួកគេចង់បង្ហាញពីវប្បធម៌ខ្មែរក៏ដោយ ប៉ុន្តែរូបភាពដែលពួកគេបានធ្វើនេះ វានាំខូច និងអស់តម្លៃសម្រាប់អប្សរាខ្មែរដែលល្អផូរផង់ទៅវិញ។ ពួកគេទាំងនោះ ហាក់នៅមិនទាន់បានយល់ច្បាស់ឡើយពីរបៀបរបបនៃការស្លៀកពាក់របស់អប្សរាខ្មែរ។ ត្បិតពួកគេទាំងនោះនៅមានការយល់ដឹងទាប ទាំងទៅលើអក្សរសាស្ត្រ ទំនៀមទំលាប់ប្រពៃណីខ្មែរ និងគុណតម្លៃនៃភាពស្រគត់ស្រគុំ និងថ្លៃថ្នូររបស់អប្សរាខ្មែរនៅឡើយ។
ប្រភពសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ស្ត្រីខ្មែរទាំងនោះបាននាំគ្នាយកម្កុដ និងគ្រឿងអប្សរាខ្មែរយកមកពាក់ជាមួយនឹងសម្លៀកបំពាក់សិចស៊ីមិនគប្បី។ នៅក្នុងទិដ្ឋភាពទាំងនោះ ពួកគេមានបំណងចង់ឲ្យភ្ញៀវមកកំសាន្តមានការភ្ញាក់ផ្អើល ក៏បាននាំគ្នាយកឈុតអប្សរាខ្មែរមកពាក់ ដែលស្ថិតក្នុងសម្លៀកបំពាក់ដ៏សិចស៊ី។
យ៉ាងណាក៏ដោយ ជាសំណូមពរពីប្រភពខាងលើបានស្នើសុំទៅកាន់រាជរដ្ឋាភិបាល គួរគិតគូរពិចារណាអំពីបញ្ហានេះ និងចាត់គ្រូខាងផ្នែកវប្បធម៌ណាមួយ ដើម្បីចុះបង្រៀនពួកគេឲ្យបានយល់ពីប្រពៃណីទំនៀមទំលាប់ខ្មែរយើង៕