ខេត្តព្រះសីហនុ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩ នៅសាលប្រជុំតូច សាលាខេត្តព្រះសីហនុ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណ ដល់កម្លាំងសមត្ថកិច្ច ស្នងការនគរបាល ខេត្តព្រះសីហនុដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ ជួន ណារិន្ទ បានធ្វើការបង្ក្រាប ក្លឹបកំសាន្តយីហោ (អូបាម៉ា) ដែលក្នុងនោះបានធ្វើការឃាត់ខ្លួន ជនជាតិចិនរហូតដល់ជាង ១០០ នាក់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅក្នុងក្រុងព្រះសីហនុនេះ នៅមានទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត គឺមិនក្រោមពី ១០ ទីតាំងទៀតនោះទេ ដែលយើងអាចនឹង ធ្វើការបង្ក្រាបបន្តបន្ទាប់ទៀត ហើយនឹងត្រូវបិទបញ្ចប់ វិធានការទប់ស្កាត់ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្ត ទាំងអស់ទូទាំងព្រះសីហនុក្នុងឆ្នាំ ២០១៩នេះ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ចំពោះការកកស្ទះចរាចរណ៍ ទាំងផ្លូវក្នុងក្រុង និងពិសេសតាមបណ្ដោយផ្លូវជាតិលេខ ៤ លោកបាន ស្នើឲ្យសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខិតខំធ្វើយ៉ាងណា ទប់ស្កាត់ការបើកបរល្មើស និងការបើកបរ មិនគោរពច្បាប់។ មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា សព្វថ្ងៃ សមត្ថកិច្ចចរាចរយើង នៅមានកម្រិត ដូច្នេះ ការធ្វើចរាចរណ៍ឬសម្រួល ដល់បងប្អូនអ្នកធ្វើដំណើរ ពិតជាជួបបញ្ហាមែន ដោយសារកម្លាំងសមត្ថកិច្ច តិចតួចមិនគ្រប់នឹងការ សម្រួលចរាចរណ៍នៅតាមដងផ្លូវនានា ក្នុងក្រុងព្រះសីហនុនេះ។
ចំពោះបញ្ហាដីធ្លី នៅក្នុងខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើនក៏បានលើកឡើងថា លោកនឹង ព្យាយាមសើរើរឿងចាស់ៗ មកដោះស្រាយជាបន្តបន្ទាប់ យ៉ាងហោចណាស់ក៏មានជាង ១០ ករណី ដែលពាក់ព័ន្ធជាមួយនឹងដីធ្លី ដីមានទំនាស់ របស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវមានការសហការពីមន្ទីរពាក់ព័ន្ធពិសេសមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ ៕