ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្ដីមកពីផឹកសុីស្រវឹង ដល់ផ្ទះវាយប្រពន្ធធ២ដៃចំក្ដោងច្រមុះ បណ្ដាលឱ្យថប់ថង្ហើមរហូតដល់ស្លាប់ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ផ្លូវលេខ៤៨k ក្រុមទី១ភូមិព្រៃសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនបង្កជាប្ដីមានឈ្មោះ ផង់ សំណាង អាយុ២៣ឆ្នាំ ជាកម្មករលើកអីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុប រីឯសពជាប្រពន្ធមានឈ្មោះ នុយ វណ្ណារីអាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតខេត្តតាកែវ ជាកូនកំព្រា ។ ពួកគេទាំង២នាក់យកគ្នាជាប្ដីប្រពន្ធ មិនបានរៀបការនិងរស់នៅជាមួយគ្នា អស់រយៈពេល១ឆ្នាំ គ្មានកូននោះទេ។
បើតាមសម្ដីជនដៃដល់ជាប្ដីបានសារភាពថា ជារៀងរាល់ថ្ងៃ រូបគេរស់នៅជាមួយប្រពន្ធមិនសូវចុះសំរុងនិងគ្នានោះទេ ដោយរូបគេក៏ប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រច័ណ្ឌប្ដី ទើបឈ្លោះគ្នានិងឈានដល់ប្រើហិង្សា ។លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកសុីជាមួយមិត្តភ័ក្ត្រ ដោយស្រវឹងស្រាផង និងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សា វាយប្រពន្ធចំនួន២ដៃចំក្ដោងច្រមុះ រួចថប់ដង្ហើមរហូតដល់ស្លាប់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចាប់ជនសង្ស័យ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាងកសាងខាងត្បូង រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕