កំពង់ស្ពឺ៖ ផ្ទះហោះនិងបង្គោលអនាធិបតេយ្យក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ”គីរីរម្យ” ត្រូវបានកំលាំងគណៈបញ្ជាការឯកភាពខេត្ដ ចុះរុះរើកាលពីព្រឹកថៃ្ងទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដោយកម្លាំងចំរុះដឹកនាំដោយ លោក សរ សុពុត្រា អភិបាលរងខេត្ដកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ដ បានចុះពិនិត្យនិងធ្វើការរុះរើ របងព័ទ្ធដី រោងចាំដី ផ្ទះហោះ និងសំណង់អនាធិបតេយ្យសង់រំលោភយកដីធ្វើជាកម្មសិទ្ធ នៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ “គីរីរម្យ” ចំណុចនាគព័ន្ធ ចំណុចអូរកសេះ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពអាជ្ញាធរខេត្តបានអោយដឹងថា បច្ចុប្បន្នក្រុមអនាធិបតេយ្យមួយចំនួនតែងតែលួចធ្វើសកម្មភាពទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធដោយមិនខ្វល់អំពីអ្វីដែលហៅថាជាផ្លូវច្បាប់នោះឡើយ គឺបានគៀងគរពលរដ្ឋមួយចំនួនមកពីរតំបន់ឆ្ងាយនិងផ្ដល់លុយដោយការកុហកនិងអះអាងថាធានាក្នុងការបង្រ្កាបពីសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ។
ដោយអនុវត្តគោលការណ៍ច្បាប់ គណៈបញ្ជាការឯកភាពខេត្ដ បានធ្វើការរុះរើរបងព័ទ្ធយកដី រោងចាំដី និងសំណង់អនាធិបតេយ្យបានមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់អោយចូលរួមប្រព្រឹត្ដសកម្មភាពធ្វើការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់ ត្រូវតែបញ្ឈប់សកម្មភាពដោយការពិចារណាគឹតគូរអំពីបញ្ហាការអនុវត្តច្បាប់នាំឲ្យមានពិរុទ្ធភាព មកលើខ្លួននិងក្រុមគ្រួសារ ផលប្រយោជន៍ បានអ្នកដទៃ ។
លោក សរ សុពុត្រា ដែលដឹកនាំកម្លាំងសមត្ថកិច្ចចំរុះនៃគណៈកម្មការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការចូលទន្ទ្រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិបានថ្លែងថា កិច្ចប្រតិបត្តិការនេះអាជ្ញាធរបានសង្គ្រោះដីឧទ្យានជាតិបានចំនួន ១២ហិចតា ប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ។
ជាមួយគ្នានេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានថ្លែងទៅកាន់ជនខិលខូចទាំងនោះថា ឈប់បានឈប់ទៅ! កុំនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ហើយធ្វើជាឈ្លោះគ្នា ដាក់ឲ្យខ្ញុំកាត់ឲ្យខាងនេះ កាត់ឲ្យខាងនោះ មិនអាចទៅរួចទេ ៕