ព្រះសីហនុ៖ ទំនងពេលលួចម៉ូតូបានហើយមិនអាចគេចផុតពីភ្នែកនគរបាលខេត្តព្រះសីហនុ ចោរបានប្តូររូបភាពដើម្បីអោយមានសុវត្ថិភាពពេលលួចបានលើកដាក់រថយន្តដឹកចេញ ដើម្បីបន្លំភ្នែកសមត្ថកិច្ច តែនៅគេចមិនផុតពីនគរបាលខេត្តព្រះសីហនុដដែល ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះបានអោយដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ០០នាទី ទៀបភ្លឺ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអំពើចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលដំណឹងភ្លាមលោកបានបញ្ជាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅអន្តរាគមន៍ភ្លាមៗដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ហើយក៏ប្រទះឃើញជនសង្ស័យ ០១នាក់ កំពុងលើកម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ដាក់ចូលក្នុងរថយន្តបំរ៉ុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចយើងភ្លាម ជនសង្ស័យបានរត់ថ្មើជើងចូលទៅក្នុងព្រៃគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ ០១គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ 1T-5150 នៅក្នុងរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណរបស់ជនសង្ស័យ ០១សន្លឹក លេខៈ ០៨០៣៦០២១០ មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើតៈ ០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្នៈ ខ័ណ្ឌដូនពេញ សង្កាត់ផ្សាថ្មី៣ រាជធានីភ្នំពេញ ព្រមទាំងកាតធនាគារ ABA ០១សន្លឹក ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងបញ្ជាក់ថា នេះជាវិធីសាស្ត្រថ្មីរបស់ចោរក្នុងការបំភ័នភ្នែកសមត្ថកិច្ច តែទោះបីជាយ៉ាងនេះក្តីម៉ូតូរបស់ជនរងគ្រោះមិនបានបាត់បង់នោះទេ ព្រោះសមត្ថកិច្ចបានអន្តរាគមន៍បានទាន់ពេលវេលា ៕