ព្រះសីហនុ៖ បុរសម្នាក់ជាជនជាតិចិនត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុបង្កអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ។
ក្រោយពីបានទទួលព័ត៌មានពីការប្រទះឃើញសាកសពក្នុងរថយន្ដលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ចុះទៅស្រាវជ្រាវរកមូលហេតុនិងជនបង្កភ្លាមៗផងដែរ ។
បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានអោយដឹងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះថា ជនរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តម៉ាក High Lander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 ។ ក្រោយពេលពិនិត្យ និងកោសល្យវិច័យរួចជាលទ្ធផល៖ សព ភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដសញ្ញាណ) ស្លាប់ ដោយករណីឃាតកម្ម (បាក់កស្លាប់) ។
លោកស្នងការបានបន្ថែមថា នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈពេលជននេះ រួមនឹងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ ។ ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេនិងបក្ខពួកបានយកសាកសពចុះពីជាន់លើនៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក High lander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 យកទៅប្លុងចោល ។ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដប្រតិបត្ដិការ ដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ(កន្លែងកើតហេតុ) ។ ជាលទ្ធផលសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះសរុបចំនួន០៣នាក់ ជនជាតិចិន០៣នាក់ (ស្រីៈ០១) ដែលក្នុងនោះមាន៖ ១-ឈ្មោះ Li Feng ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EE6258754 ស្នាក់នៅកន្លែងកើតហេតុ ។(ជាចារី) ២-ឈ្មោះ Yu Yan Long ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរៈសន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EH1515086 ស្នាក់នៅកន្លែងកើតហេតុ ។(ជាសហចារី) ៣-ឈ្មោះ Tu Lin ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរៈអ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ៖G53041257 ស្នាក់នៅកន្លែងកើតហេតុ ។ (អ្នកសមគំនិត) សម្ភារៈវត្ថុតាងចាប់ដកហូតបានរួមមាន៖ -រថយន្ដ០១គ្រឿងម៉ាក High Lander ពណ៌ស ពាក់ស្លាកលេខ៖ភ្នំពេញ2AC-3012 (មធ្យោបាយធ្វើសកម្មភាព) -ក្បាលឌីវីអ័រ ចំនួន០២គ្រឿង (មានលេខ៖E24204346 និងលេខ៖E2420304) -ហាតឌីស ចំនួន០១គ្រឿង មានលេខ៖ZGY6KRV4 ។ -ទូរស័ព្ទដៃចំនួន ០៣គ្រឿង -លិខិតឆ្លងដែនចំនួន ០២ក្បាល(លេខ៖G53041257 និងលេខ៖EH1515086) -កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ -រថយន្ដ០១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ស្លាកលេខ៖ភ្នំពេញ2AZ-9280 ។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់ ៕