កូនសត្វទោចម្កុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

367

គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។អាជ្ញាធរជាតិអប្សរាបានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើកនេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃបានឱ្យដឹងថា កូនទោចម្កុដដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោលនៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹងភេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។ផ្អែកតាមរបាយការណណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដីព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្កុដត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដ៏កម្រមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូចច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕

Comments

comments