ឥទ្ធិពលសត្វនាគឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តខ្មែរ និងទំនៀមទម្លាប់ប្រពៃណី

1295

ប្រជាជនខ្មែរទាំងនៅទីក្រុង ក៏ដូចជានៅជនបទតែងតែមានជំនឿយ៉ាងមុតមាំជាមួយនាគ។ ក្នុងមនោរម្មណ៍របស់ពួកគេ តែងគិតថា សត្វប្រភេទនេះមានឥទ្ធិពលមហិទ្ធឫទ្ធិយ៉ាងខ្លាំងក្លាទាក់ទងជាមួយជីវភាពរស់នៅ ក៏ដូចជាផ្នែកស្មារតី។ ប្រជាជនខ្មែរជឿថា សត្វប្រភេទនេះ រស់នៅពិភពមួយដែលឈ្មោះថា ឋានភុជង្គនាគនៅឯបាតសមុទ្រដ៏ជ្រៅ ហើយអាចចេះប្រែក្រឡាជាមនុស្ស និងអាចរស់នៅក្នុងទឹកផង លើគោកផងដែរ។

យោងតាមកំណត់ត្រារបស់ជនជាតិចិនម្នាក់លោក កាំង ថៃ ដែលបានធ្វើដំណើរមកដល់ប្រទេសខ្មែរសម័យនគរភ្នំ ពាក់កណ្ដាលសតវត្សរ៍ទី៣បង្ហាញថា នៅសម័យនោះខ្មែរច្រើនរស់នៅតាមសណ្ដនៃទន្លេមេគង្គភាគខាងក្រោម និងនៅក្នុងដែនដីសណ្ដនៃទន្លេនេះ គឺមានជំនឿទៅលើសត្វនាគ។ ខ្មែរជឿថា បុព្វបុរសដូនតារបស់ខ្លួនមានអំបូរមកពីពូជនាគរស់នៅតាំងពីយូរយាណាស់មកហើយ។ ឯកសារបន្ថែមថា កាលពី៥០ឆ្នាំនៃគ្រិស្ដសករាជមានជនជាតិឥណ្ឌាម្នាក់ឈ្មោះហ៊ុន ទៀនបានមកដល់អាណាចក្រភ្នំហើយក៏បានពើបប្រទះសង្រ្គាមជាមួយប្រះនាង លីវ យី ដែលជាម្ចាស់ប្រទេស កាលនោះព្រះនាងបាននាំទ័ពចុះទៅធ្វើសង្រ្គាមជាមួយ ហ៊ុន ទៀន តាមសំពៅ។

លោកសាស្រ្តចារ្យបណ្ឌិត អាំង ជូលាន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា ស្ដេចនាគដែលជាបិតាព្រះនាងនាគ ខ្លាចមុខព្រហ្មណាស់ ហើយថែមទាំងហាមព្រះថោងដែលជាបុត្រសុណិសាមិនឲ្យសង់ប្រាសាទដែលមានមុខព្រហ្មណ៍ទៀតផង។

ក្នុងសៀវភៅទំនៀមទម្លាប់ខ្មែរ បានបញ្ជាក់ថាខ្មែរមានជំនឿ ថានាគគឺជាម្ចាស់ទឹកដី។ ហេតុដូច្នេះហើយ បានជាប្រជាជនខ្មែរ មុនចាប់ផ្ដើមសាងសង់អ្វីមួយ គេនិយមធ្វើពិធីសែនព្រេនសុំការអនុញ្ញាតពីម្ចាស់ទឹកដី ដែលហៅឈ្មោះថា ពិធីសែនក្រុងពាលី ដែលន័យដើម គឺការគោរពដល់ស្ដេចនាគនោះឯង។ សត្វនាគនេះ គឺជាសត្វដែលតំណាងឲ្យសភាវៈល្អ។ នៅក្នុងលទ្ធិព្រហ្មញ្ញសាសនា រឿងកូរសមុទ្រទឹកដោះ។ ដើម្បីការថែរក្សាទេវតា និងមនុស្សលោកនេះ មាននាគមួយឈឈ្មោះថា នាគវ៉ាសុគិ បានស្មគ្រចិត្តប្រគល់ខ្លួនឲ្យពួកសុរា និងពួកអសុរៈចាប់ធ្វើជាខ្សែព្រ័ត្រនៅក្នុងបេសកកម្មកូរសមុទ្រទឹកដោះស្វែងរកទឹកអម្រឹត។

នៅក្នុងគម្ពីរធម្មបទព្រះពុទ្ធសាសនាវិញ គេឃើញថា នាគមួយឈ្មោះមុជ្ជលិន្ទ ដែលក្បាលដល់ទៅ៧ក៏បានចេញទៅធ្វើជាក្បាំងការពារប្រក់ពីលើព្រះពុទ្ធដែលព្រះអង្គកំពុងធ្វើសមាធិ។

លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលាន មានប្រសាសន៍ថា បុព្វបុរសខ្មែរបានឆ្លាក់រូបនាគជាក្បូរក្បាច់រចនាផ្សេងៗ ពិសេសនៅក្នងសំណង់ប្រាសាទបុរាណខ្មែរ ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលទៅកាន់ប្រាសាទក៏ព្រោះតែនាគនេះតំណាងឲ្យឥន្ទធនូផង តំណាងឲ្យទឹក ហើយក៏ជាស្ពានសម្រាប់ចម្លងមនុស្ស

រំលងពីឋានមួយទៅឋានមួយទៀត។

ដោយឡែកលោក ជីវ តាក្វាន់ ដែលបានមកដល់ទឹកដីខ្មែរអំឡុងសតវត្សទី២ ឬទី៣នោះក៏បានសរសេរថា ស្រុកខ្មែរមាននាគជើង៤មួយប្រភេទយ៉ាងចម្លែក តែឥតមានស្នែងទេ។ ម្យ៉ាងទៀត លោកបានពិពណ៌នាថា ព្រះដំណាក់ ផ្ទះនាម៉ឺនមន្រ្តី និងផ្ទះអ្នកមាន អ្នកស្រុកទាំងអស់សុទ្ធតែបែរមុខទៅទិសខាងកើត។ នៅលើប្រាសាទមាសដែលស្ដេចផ្ទុំ អ្នកស្រុកខ្មែរមានជំនឿថា មានបិសាចមួយមានរូបពស់ក្បាល៩ ដែលបិសាចនោះជាព្រះភូមិថែតរក្សាព្រះនគរ។ ក្នុងន័យនេះ លោកចង់បង្ហាញថា ពស់ក្បាល៩នោះជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់ ចំណែកនាគចិនមានជើង ក្បាលតូច ហើយអត់មានបើកពពាដូចនាគខ្មែរដែរ។

ក្នុងន័យខាងលើ មានន័យថា ខ្មែរនៅសម័យនោះមានជំនឿយ៉ាងមុតមាំទៅលើសត្វនាគ ដែលចាត់ទុកនាគជាអ្នកដែលថែរក្សា ការពារដោយប្រយ័ត្នចំពោះសន្ដិសុខព្រះរាជា។ សេចក្ដីពន្យល់បន្ថែមថា នាគដែលថែរក្សាព្រះរាជាគឺអាចតំណែងខ្លួនជាមនុស្សស្រីស្អាតមកកំដរក្សត្រ ដែលសូម្បីតែអគ្គមហេសី ឬស្នំឯកក៏មិនហ៊ានទៅក្បែរដែរ។

ក្នុងសៀវភៅមគ្គុទេសន៍នគរ ភិក្ខុប៉ាង ខាត់ បានបញ្ជាក់ថា ជុំវិញប្រាសាទ និងតួប្រាសាទអង្គរវត្តដែលបុព្វបុរសខ្មែរកសាងឡើង គឺជាតំណាងឲ្យឋានរបស់អាទិទេពគង់នៅ។ ដើម្បីចូលទៅដល់តួប្រាសាទអង្គរវត្ត ដែលតំណាងឲ្យភ្នំព្រះសុមេរុគេត្រូវឆ្លងទឹកសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ដូច្នេះសំណង់នេះ ត្រូវបានបុព្វបុរសខ្មែរសង់ជារូបនាគឡើង ហើយនាគនោះគឺ

ជានាគក្បាល៧ ដែលជាសត្វដ៏សក្ដិសិទ្ធនាំមនុស្សឲ្យទៅជួបជាមួយអាទិទេព។

ចំណែកក្នុងសៀវភៅហោរាសាស្រ្ត និងប្រពៃណីទំនៀមទម្លាប់ខ្មែរ របស់ក្រសួងធម្មការ និងសាសនាបានសរសេរថា មនុស្សកើតឆ្នាំរោង(នាគ) ជាមនុស្សដែលមាននិស្ស័យ និងជោគសំណាងល្អ ហើយមានសេចក្ដីសុខកាយសប្បាយចិត្ត មានចៅហ្វាយនាយចិញ្ចឹមបីបាច់ថែរក្សា នឹងបានទៅជាមនុស្សមានចិត្តបុណ្យ ចូលចិត្តជួយអ្នកដទៃ។ ពិសេសមនុស្សនេះ អាចតាំងខ្លួនឯងឲ្យធំដុំបាន ហើយយូរៗម្ដងនឹងមានលាភធំហូរចូល។ មនុស្សប្រភេទនេះ ជាមនុស្សដែលមានព្រះកេតុថែរក្សាអារិសត្រូវ មិនអាចប៉ុនប៉ងពាធាបានឡើយ៕

Comments

comments