ជារៀងរាល់ថ្ងៃ បន្ទាប់ពីភ្ញៀវទេសចរទាំងជាតិ អន្តរជាតិត្រលប់មកពីទស្សនាប្រាសាទបុរាណនានារួចមក មុនពេលបញ្ចប់ដំណើរកម្សាន្តនៅថ្ងៃនេះ ពួកគេតែងមកភ្នំបាក់ខែងគយគន់ទេសភាពនៅទីនេះ មុនពេលព្រះអាទិត្យរៀបអស្ដង្គត។
រសៀលជ្រៀលជ្រេថ្ងៃទេរគងភ្នំ ក្រោមលម្ហមេឃស្រលះឥតមានពពក លាយឡំនិងជំនោរខ្យល់ត្រសៀកៗនាំសំឡេងទោចភ្នំខ្វើយៗរំពងពេញព្រៃ និងរៃកណ្ដឹងទម្លាក់សំឡេងស្រទន់ពីលើចុងឈើទាល គគីរសុក្រំដែលដុះលាយឡំគ្នាអមសងខាងផ្លូវឡើងទៅលើកំពូលភ្នំ។ អ្នកទេសចរស្រីប្រុសចម្រុះជាតិសាសន៍ ហាក់មានសេចក្ដីសប្បាយរីករាយដែលបានធ្វើដំណើរឡើងទៅកំពូលភ្នំ។
បន្ទាប់ពីធ្វើដំណើរឡើងមកដល់កំពូលភ្នំកាលណា អ្វីដែលទាក់ទាញភ្ញៀវទេសចរនៅទីនេះ មានទាំងបដិមាសក្ការបូជាដូចជា ស្នាមព្រះបាទជាន់ទុក លិង្គព្រះឥសូរ យោនីព្រះនាងឧមាដែលបានសាងសង់ឡើងរាប់សតវត្សរ៍មកហើយ។ មកដល់ទីនេះ អ្នកទេសចរក៏នឹងរំពៃភ្នែកសម្លឹងមើលទៅកំពូលប្រាសាទអង្គរវត្តពណ៌មាសលេចឡើងនៅកណ្ដាលព្រៃជ្រៅនៅខាងឆ្វេងដៃនៃផ្លូវឡើង។ នៅទិសឦសានឯណោះ ព្រៃព្រឹក្សាលាយចម្រុះជាមួយស្រែចម្ការ បន្តបណ្ដាក់គ្នារហូតដល់ជើងភ្នំដងរែកជាទឹកដីខណ្ឌចែកខ្មែរ ថៃ លាតសន្ធឹងពណ៌ខៀវស្រអាប់កប់ជាមួយព្រៃដ៏ធំល្វឹងល្វើយ។ ចំណែកនៅទិសបូព៌ាឯណោះ គេក៏បានប្រទះភ្នែកឃើញភ្នំគូលែនផុះឡើងកណ្ដាលព្រៃតូចធំនិងមានផ្សែងអាប់សព្រាលៗលាយឡំគ្នាផង។
នៅទីនេះ ក្រៅពីស្រូបខ្យល់អាកាសដ៏បរិសុទ្ធនៅលើទឹកដីសៀមរាប គ្រប់គ្នាក៏នឹងនាំគ្នាអង្គុយសម្លឹងទៅទិសបស្ចឹមគយគន់ព្រះអាទិត្យធ្វើដំណើរសន្សឹមៗលើផ្ទៃទឹកបារាយណ៍យសោធរកដាក រួចបន្ទន់រូបលិចសន្សឹមៗកប់ចូលទៅក្នុងព្រៃដែលអ្នកស្រុកខ្លះហៅថា មានរន្ធសម្រាប់ព្រះអាទិត្យនៅត្រើយនោះ។
មិនថាតែភ្ញៀទេសចរជាតិ ឬអន្តរជាតិទេ គ្រប់គ្នាសុទ្ធតែលើកកាម៉េរ៉ាថតព្រះអាទិត្យ ឬថតជាមួយគ្រួសារ ប្តីប្រពន្ធ ឬសង្សារទុកជាអនុស្សាវរីយ៍ថ្ងៃដែលពួកគេបានមកដល់ទីនេះ។
ទេសចរណ៍ភ្នំបាក់ខែង ជារមណីយដ្ឋានប្រវត្តិសាស្រ្តដែលទាក់ទាញភ្ញៀវពីគ្រប់ទិសទីឱ្យមកទស្សនាលម្ហែអារម្មណ៍ឱ្យធូរស្បើយពីទុក្ខកង្វល់ ផ្ដល់ថាមពលដល់រាងកាយសម្រាប់សម្រេចការងារនៅថ្ងៃស្អែកជាបន្តទៅទៀត ហើយប្រាសាទនេះស្ថិតនៅលើកំពូលភ្នំបាក់ខែងនៅខាងឆ្វេងដៃចូលពីប្រាសាទអង្គរវត្តឆ្ពោះទៅ អង្គរធំដែលកសាងក្នុងអំឡុងសតវត្សទី៩ ដើមសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយលទ្ធិព្រហ្មញ្ញសាសនាក្នុងនោះមានតម្កល់លិង្គព្រះឥសូរ និងយោនីព្រះនាងឧមា។ ប្រាសាទនេះមានកំពូលចំនួន១០៨ និងកម្ពស់៤៥ម៉ែត្រ តំណាងឱ្យភ្នំព្រះសុមេរុមាន៧ជាន់ ខ្លះថាតំណាង ឱ្យឋានសួគ៌ទាំង៧ជាន់របស់ព្រះឥន្រ្ទនិងត្រូវបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១តំបូងបង្អស់នៅតំបន់អង្គរ៕