នៅរសៀលម៉ោង០២:០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធ ០៣ករណីផ្សេងគ្នាដូចជាបទឆបោក នឹងឆក់កាបូបជាដើម។
ជនសង្ស័យដែលបញ្ជូនទៅតុលា នោះមាន៖
១/ ឈ្មោះ គុណ មករា ភេទស្រី អាយុ ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធឃាត់ខ្លួនពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធ ហ្វេសបុក ដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៨:៥៤នាទី ក្រោយពេលដែលជនសង្ស័យ ខាងលើ បានប្រើល្បិចបោកប្រាស់ តាមប្រព័ន្ធ ហ្វេសបុក ទៅលើជនរងគ្រោះ ឈ្មោះ សូត្រ សុផារី ភេទស្រី អាយុ ២៨ឆ្នាំ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដោយរូបគេទាំង ០២នាក់ បានលេងឆា ជាមួយគ្នា តាមប្រព័ន្ធ ហ្វេសបុក ហើយជនសង្ស័យ បានប្រាប់ឲ្យជនរងគ្រោះ ផ្ញើរប្រាក់មកឲ្យខ្លួនចំនួន ២០០ដុល្លា អាមេរិក តាមរយៈ វីង ដោយសន្យាថា និងផ្ញើរឥវ៉ាន់ មកឲ្យ ឈ្មោះ សូត្រ សុផារី ដែលជាជនរងគ្រោះ។ ក្រោយមក ជនសង្ស័យ ខាងលើបានទូរស័ព្ទទៅជនរងគ្រោះម្តងទៀត ដោយបា្រប់ថា ឲ្យផ្ញើរប្រាក់មកឲ្យរូបខ្លូនចំនួន ៨០០ដុលា្ល បន្ថែមទៀត ទើបឥវ៉ាន់ មកដល់ ដោយមានការសង្ស័យ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្នានអាវុធហត្ថខណ្ឌសែនសុខ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យខាងលើ ទើបនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើនៅចំណុច ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តែម្តង។
ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថក្រោយពេល ឃាត់ខ្លួនបាន ឲ្យដឹងថា រូបខ្លួនប្រើល្បិចបោកប្រាស់នេះ គឺតាមគំនិតសង្សាររបស់ខ្លួន ដែលជាជនជាតិនីហ្សេរីយ៉ា មានឈ្មោះ ស្លីម អាយុប្រហែល ២៨ឆ្នាំ ដែលស្គាល់គ្នាក្នុង បារខារ៉ាម៉ែល ដោយឲ្យរូបខ្លួនដើរតួជាបុគ្គលិក AirPort Phnom Penh ហើយបានឲ្យរូបខ្លួនទូរស័ព្ទប្រាប់ជនរងគ្រោះថា ឥវ៉ាន់ដែលផ្ញើរមកពីប្រទេស ឌូបៃ បានដល់ AirPort Phnom Penh ហើយ និងតំរូវឲ្យជនរងគ្រោះបង់ថ្លៃសេវាចំនួន ២០០ដុលា្ល អាមេរិក ដោយផ្ញើរលុយតាមរយៈ វីង លុះពេលបើកលុយបាន មួយសន្ទុះក្រោយមក ខ្លួនបានទូរស័ព្ទទៅជនរងគ្រោះម្តងទៀត និងឲ្យជនរងគ្រោះផ្ញើរលុយមកឲ្យខ្លួនចំនួន ៨០០ដុល្លា អាមេរិកបន្ថែមទៀត ដោយបា្រប់ជនរងគ្រោះថា ដើម្បីបង់ពន្ធព្រោះក្នុងឥវ៉ាន់មានប្រាក់ដុល្លាច្រើន តែជនរងគ្រោះប្រាប់ថា មិនទាន់មានលុយទេ ឮដូចនោះជនសង្ស័យខាងលើ បាននិយាយសំឡុតទៅជនរងគ្រោះ និងប្រាប់កុំឲ្យ ខល ទៅរូបខ្លួនទៀត។ លុះរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះបានហៅទូរស័ព្ទទៅជនសង្ស័យជាច្រើនលើក តែមិនលើកនិយាយ ទើបរហូតដល់ពេលល្ងាចបានជនសង្ស័យខាងលើលើកទូរស័ព្ទ ពេលនោះជនរងគ្រោះបានប្រាប់រូបខ្លួនថា បានផ្ញើរលុយឲ្យរូបខ្លួនចំនួន ៨០០ដុល្លា អាមេរិក តាមរយៈទ្រូម៉ានី ហើយរូបខ្លួនបានទៅបើកលុយនោះ នៅទ្រូម៉ានីក្នុងបូរីពិភពថ្មី ក្បែរផ្ទះរបស់ខ្លួន តែពេលទៅដល់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់រូបខ្លួនតែម្តង។
២/ ឈ្មោះ មាជ ណាង ភេទប្រុស អាយុ ១៩ឆ្នាំ , ៣/ ឈ្មោះ កែវ រិទ្ធ ហៅជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ , ៤/ ឈ្មោះ ង្វៀង វ៉ាំងតឹង ហៅហេង ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធករណី ឆក់(ឆក់កាបូប) ដោយកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថ ខណ្ឌ៧មករា ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧
ករណីនេះកើតឡើងនៅចំណុចបណ្តោយផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលបង្កដោយជនសង្ស័យមានគ្នា ០៤នាក់ ជាចោរឆក់ ជិះម៉ូតូ ០២គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កណ្តាល 1C-3376 និងម៉ាកស៊ុយស៊ុយគីនិច ពណ៍ស ស្លាកលេខ ភ្នំពេញ 1FC-6327 ធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះមានគ្នា ០២នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ ស្របទិសគ្នា តែមិនបានសម្រេច ដោយជនរងគ្រោះបានទាញកាបូបមកវិញ ពីជនសង្ស័យ ខាងលើ បណ្តាលឲ្យដូលម៉ូតូ ទាំងអស់គ្នា ស្របពេលដែលកម្លាំងអាវុធហត្ថកំពុងល្បាតឃើញ ក៍បង្ក្រាបបាន ០៣នាក់ ចំណែក បក្សពួក ០១នាក់ ទៀត បានរត់គេចខ្លួនបាត់។
ក្រោយពេលឃាត់សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានយកមកសួរនាំ ពួកគេទាំង ០៣នាក់ បានសារភាពថា ដំបូងឡើយ ពួកគេទាំង ០៣នាក់ រួមបក្សពួកឈ្មោះ ភ័ក្រ ដែលរត់គេចខ្លួន បានជិះម៉ូតូ ០២គ្រឿងដែលមានភិនភាគដូចខាងលើ ទៅផឹកកាហ្វេនៅម្តុំមុខកាសា ខាងជើងវត្តភ្នំ ដើម្បីពិភាក្សាគ្នា ធ្វើសកម្មភាពឆក់ បន្ទាប់មកពួកគេ បានជិះម៉ូតូស្វែងរកមើលប្រជាពលរដ្ឋដែលមានសម្ភារៈ មានតំលៃ លុះរហូតដល់វេលាម៉ោង១២:៣០នាទី ថ្ងៃទី និងចំណុចកើតហេតុខាងលើ ក៏ឃើញជនរងគ្រោះដែលជាស្រ្តី ០២នាក់ កំពុងធ្វើដំណើរលើដងផ្លូវ ភ្លាមនោះ ឈ្មោះ កែវ រិទ្ធ ហៅជ្រូក និងឈ្មោះ ភ័ក្រ(រត់គេចខ្លួន) បានជិះម៉ូតូតាមជនរងគ្រោះ ដល់ទន្ទឹមគ្នា ពួកគេក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះខាងលើ តែជនរងគ្រោះដឹងខ្លួនទាន់ បានទាញកាបូបមកវិញ បណ្តាលឲ្យដូលម៉ូតូទាំងអស់គ្នាតែម្តង ហើយជនរងគ្រោះបានស្រែកឆោឡោ៕