លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នៅថ្ងៃម្សិលមិញ បានដឹកនាំ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចុះទស្សនកិច្ចនៅរោងចក្រមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន-ស្វាយរៀង និងតាយសេង បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ស្របនឹងដំណើរចុះសួរសុខទុក្ខមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តស្វាយរៀង។
ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់ ក្រុមហ៊ុនផលិតកង់ Speedtech Industrial Co., Ltd រោងចក្រផលិតស្បែកជើង Kingmaker (Cambodia) Footwear Co., Ltd និង Kaoway Sports Ltd និងរោងចក្រកាត់ដេរសម្លៀក បំពាក់មុជទឹក Sheico (Cambodia) Co., Ltd។
នៅរសៀលថ្ងៃដដែល លោកក៏បានបន្តដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះពិនិត្យ ក្រុមហ៊ុនចំនួន ០២ទៀតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង-បាវិតរួមមាន ក្រុមហ៊ុនផលិតកង់ A and J (Cambodia) Co., Ltd និងរោងចក្រផលិតតួកង់ធ្វើពីកាបោន Tentech Composite (Cambodia) Co., Ltd ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការដោយមានការិយាល័យច្រកចេញ-ចូលតែមួយចំនួន១២តំបន់ មានក្រុមហ៊ុនកំពុងដំណើរការវិនិយោគផលិត និងនាំចេញចំនួន ១៥៧ក្រុមហ៊ុន ប្រើប្រាស់បុគ្គលិក-កម្មករសរុប ប្រមាណ ៨៨.១៧៧នាក់។ ក្នុងនោះក្រុមហ៊ុនបុគ្គលិក-កម្មករនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន-ស្វាយរៀង សរុបចំនួន ២៥.៨៥២នាក់ និងតាយសេង-បាវិត ចំនួន ៩.៤១៣នាក់។
សម្រាប់ឆ្នាំ២០១៦ ទឹកប្រាក់សរុបដែលបាននាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីតំបន់សេដ្ឋកិច្ចពិសេសទាំងនេះមានតម្លៃប្រមាណ ១,៣៥៤ ប៊ីលានដុល្លារអាមេរិក កើនឡើងពី ១,១១៦ ប៊ីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ស្មើនឹងកំណើនចំនួន ២៣៨ លានដុល្លារអាមេរិក ឬ ២១,២៩%។
ដោយឡែកក្នុងរយៈពេល ០៩ខែ ដំបូងនៃឆ្នាំ២០១៧ ក៏ឃើញមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ បើប្រៀបធៀបនឹង ០៩ខែដំបូងនៃឆ្នាំ២០១៦ ដោយក្នុងឆ្នាំ២០១៧ ទឹកប្រាក់នាំចេញមានតម្លៃប្រមាណ ១,០៧៣ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន ១០៦ លានដុល្លារអាមេរិក ស្មើនឹង ១០.៨៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៩៦៧ លានដុល្លារអាមេរិក៕