នៅថ្ងៃទី០៦ខែវិចិ្ឆកានេះ អង្គការNPA ដែលជាអង្គការដៃគូរជាមួយស៊ីម៉ាក់បានផ្តល់ពត៌មានថា ស្ថានទូតអាមេរិកបានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួនមកស៊ីម៉ាក់ចាប់ពីដើមខែមករាឆ្នាំ២០១៨តទៅ ដោយគ្មានការបញ្ជាក់ហេតុផលនោះទេ។
សូមរំលឹកថា កន្លងមកស៊ីម៉ាក់និងភាគីអាមេរិក (ក្រសួងការបរទេសអាមេរិក) បានឯកភាពគ្នាក្នុងការគាំទ្រកំលាំងស៊ីម៉ាក់ឱយជួយបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះរបស់សហរដ្ឋអាមេរិកនៅលើទឹកដីកម្ពុជា មានដូចជាគ្រាប់បែកទំលាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធទណ្ឌ័មិនទាន់ផ្ទុះជាច្រើនទៀត។ កិច្ចប្រតិបតិ្តការបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អាមេរិកនេះបាននិងកំពុងទទួលលទ្ធផលនិងប្រសិទ្ធិភាពយ៉ាងល្អប្រសើរ។
លោកហេង រតនាអគ្គនាយកស៊ីម៉ាកបានអោដឹងថា ខ្ញុំមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់ជំនួយយ៉ាងតល់ក្រហល់នេះ ជាពិសេសទន្ទឹងពេលដែលកម្ពុជាកំពុងរុករកឃើញនិងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធគីមីរបស់អាមេរិក ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវ។
លោកបន្តថាខ្ញុំសូមឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមអាមេរិក មេត្តាកុំមានការព្រួយបារម្ភចំពោះការកាត់ផ្តាច់ជំនួយនេះ ព្រោះថាសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនឹងមិនឱយការបញ្ចប់ជំនួយអាមេរិកនេះ ប៉ះពាល់កិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ៕