បុណ្យសមុទ្រឆ្នាំនេះ នឹងប្រារព្ធធ្វើនៅខេត្តកែបចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែធ្នូ ឆ្នាំ២០១៧ គឺជាការរៀបចំពិធីបុណ្យសមុទ្រជាលើកទី៦ ក្រោមប្រធានបទ “ឆ្នេរសមុទ្របៃតង” អនាគត គឺបច្ចុប្បន្ន”។
ទន្ទឹមនេះ ក្រសួងទេសចរណ៍ នឹងដៃគូពាក់ព័ន្ធ បានបង្ហាញនូវសកម្មភាព ៤ សំខាន់ៗ សម្រាប់ពិធីបុណ្យសមុទ្រ នៅឆ្នាំនេះ។
១- ការផ្សាយផ្ទាល់របស់ស្ថានីយវិទ្យុ និងទូរទស្សន៍នានា នូវការសម្ដែងទស្សនីយភាពសិល្បៈជាតិ និងអន្តរជាតិ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី៦ ព្រមទាំងក្បួនហយាត្រា
២- មហោស្រពអន្តរជាតិម្ហូបអាហារ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ
៣- ការតាំងពិព័រណ៍ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក
៤- សកម្មភាពកីឡាលើទឹក និងលើឆ្នេរខ្សាច់
សកម្មភាពទាំងនេះ នឹងមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ អន្តរជាតិ និងកីឡាករ កីឡាការិនីជាតិ អន្តរជាតិ និងក្រុមហ៊ុនជាច្រើនទៀត៕